វិមានក្រឹមឡាំង នៅថ្ងៃពុធ (ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦) បានឲ្យដឹងថា ទាំងប្រទេសចិន និងរុស្ស៊ី មិនបានធ្វើតេស្តសាកស្បងនុយក្លេអ៊ែរដោយសម្ងាត់នោះទេ ដោយកត់សម្គាល់ថា ទីក្រុងប៉េកាំង បានបដិសេធការចោទប្រកាន់របស់សហរដ្ឋអាមេរិក ដែលថា ខ្លួនបានធ្វើដូច្នេះ។
នៅខែកុម្ភៈ សហរដ្ឋអាមេរិកបានចោទប្រកាន់ប្រទេសចិនថា បានធ្វើតេស្តនុយក្លេអ៊ែរដោយសម្ងាត់ នៅឆ្នាំ២០២០ ខណៈដែលខ្លួនបានអំពាវនាវឲ្យមានសន្ធិសញ្ញាគ្រប់គ្រងអាវុធថ្មី និងទូលំទូលាយជាងមុន ដែលនឹងរួមបញ្ចូលទាំងចិន និងរុស្ស៊ី។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងបានឮនូវការចោទប្រកាន់ជាច្រើន អំពីការធ្វើតេស្តមួយចំនួន។ ទាំងសហព័ន្ធរុស្ស៊ី និងចិន ត្រូវបានលើកឡើងនៅក្នុងរឿងនេះ។ ទាំងសហព័ន្ធរុស្ស៊ី និងចិន មិនបានធ្វើតេស្តនុយក្លេអ៊ែរណាមួយឡើយ«។
លោក Peskov បានបន្ថែមថា៖ «យើងក៏ដឹងដែរថា ការចោទប្រកាន់ទាំងនេះ ត្រូវបានបដិសេធយ៉ាងដាច់អហង្ការដោយតំណាងនៃសាធារណរដ្ឋប្រជាមានិតចិន ដូច្នេះ នោះហើយគឺជាស្ថានភាពបច្ចុប្បន្ន ពោលគឺមិនមានអ្វីត្រូវនិយាយបន្ថែមទៀតទេ»។
ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងជំរុញឲ្យប្រទេសចិនចូលរួមជាមួយសហរដ្ឋអាមេរិក និងរុស្ស៊ី ដើម្បីចរចាឲ្យមានកតិកាសញ្ញា New START ថ្មី ជាកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធនុយក្លេអ៊ែរចុងក្រោយ រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ដែលបានផុតកំណត់កាលពីថ្ងៃទី៥ ខែកុម្ភៈ៕

