វិមានក្រឹមឡាំង បាឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez នឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅទីក្រុងមូស្គូ នាថ្ងៃពុធ (ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦) អំឡុងដំណើរទស្សនកិច្ច នៅក្នុងប្រទេសជាសម្ព័ន្ធមិត្តប្រពៃណីរបស់កោះសង្គមនិយមមួយនេះ ស្របពេលដែលសហរដ្ឋអាមេរិករឹតបន្តឹងពាណិជ្ជកម្មប្រេងយ៉ាងខ្លាំងក្លា។
ទីក្រុងមូស្គូបានចោទប្រកាន់សហរដ្ឋអាមេរិកថា បានប្រើប្រាស់ «វិធានការបិទដង្ហើមសេដ្ឋកិច្ច» លើទីក្រុងឡាហាវ៉ាន (Havana) ហើយបានបញ្ជាក់ថា ខ្លួនកំពុងពិចារណាបញ្ជូនជំនួយទៅកាន់ប្រទេសគុយបា។
ប្រធានាធិបតីអាមេរិក លោក Donald Trump បានកាត់ផ្តាច់ការផ្គត់ផ្គង់ប្រេងរបស់វ៉េណេស៊ុយអេឡាទៅគុយបា បន្ទាប់ពីទម្លាក់មេដឹកនាំវ៉េណេស៊ុយអេឡា លោក Nicolas Maduro ពីតំណែង។ ហើយលោកក៏បានគំរាមកំហែងដាក់ទណ្ឌកម្មផងដែរលើប្រទេសដែលលក់ប្រេងទៅឲ្យគុយបា។

អ្នកនាំពាក្យរបស់មេដឹកនាំរុស្ស៊ី លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «លោក Putin នឹងទទួលលោក Bruno Rodriguez នៅវិមានក្រឹមឡាំង»។ លោក Peskov បានបញ្ជាក់បន្ថែមថា៖ «សហព័ន្ធរុស្ស៊ី តែងតែប្រឆាំងនឹងការបិទខ្ទប់គុយបា។ យើងផ្តល់ជំនួយដល់មិត្តភក្តិរបស់យើង»។
គុយបាបានចងសម្ព័ន្ធភាពជាមួយទីក្រុងមូស្គូ ចាប់តាំងពីមានបដិវត្តន៍សង្គមនិយមទសវត្សរ៍ឆ្នាំ១៩៦០ ដោយពឹងផ្អែកលើសហភាពសូវៀត សម្រាប់ការគាំទ្រផ្នែកសេដ្ឋកិច្ច និងនយោបាយអស់រយៈពេលជាច្រើនទសវត្សរ៍។ វិមានក្រឹមឡាំងបានរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសកោះតំបន់ការ៉ាអ៊ីបមួយនេះ បន្ទាប់ពីសហភាពសូវៀតបានដួលរលំ៕
