យោងតាមឯកសាររៀបចំឡើងដោយក្រុមការទូតរបស់សហភាពអឺរ៉ុប (EU) ដែលសារព័ត៌មាន Reuters បានឃើញ បានបង្ហាញថា ប្លុកនេះកំពុងពិចារណានូវលទ្ធភាពផ្ដល់ការគាំទ្រដែលអាចធ្វើទៅបានដល់គណៈកម្មាធិការថ្មី ដែលត្រូវបានបង្កើតឡើង ដើម្បីគ្រប់គ្រងរដ្ឋបាលស៊ីវិលនៃតំបន់ហ្កាហ្សា។
នៅក្នុងឯកសារមួយដែលត្រូវបានចែកចាយទៅកាន់រដ្ឋជាសមាជិក កាលពីថ្ងៃអង្គារ (ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦) ទីភ្នាក់ងារសកម្មភាពខាងក្រៅរបស់អឺរ៉ុប បានសរសេរថា៖ «សហភាពអឺរ៉ុបកំពុងចូលរួមជាមួយរចនាសម្ព័ន្ធអភិបាលកិច្ចអន្តរកាលដែលទើបបង្កើតថ្មី សម្រាប់តំបន់ហ្កាហ្សា»។
ឯកសារនោះបានបន្ថែមថា៖ «សហភាពអឺរ៉ុបក៏កំពុងពិចារណាផងដែរនូវការគាំទ្រដែលអាចធ្វើទៅបានដល់គណៈកម្មាធិការជាតិ សម្រាប់រដ្ឋបាលតំបន់ហ្កាហ្សា»។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអឺរ៉ុប នឹងពិភាក្សាអំពីស្ថានភាព នៅតំបន់ហ្កាហ្សា ក្នុងអំឡុងពេលមានកិច្ចប្រជុំមួយនៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក នាថ្ងៃទី២៣ ខែកុម្ភៈ៕