ក្រុមអ្នកចរចាអ៊ុយក្រែន និងរុស្ស៊ី បានបញ្ចប់កិច្ចចរចាដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក សម្រាប់ថ្ងៃទី២ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃពុធ (ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ តែគ្មានភាគីណាមួយបានបង្ហាញនូវសញ្ញា ដែលថា ពួកគេកៀកនឹងបញ្ចប់ជម្លោះបណ្ដាលឲ្យមានអ្នកសា្លប់ច្រើនបំផុតជាលើកដំបូង នៅតំបន់អឺរ៉ុប គិតចាប់តាំងពីសង្គ្រាមលោកលើកទី២។
បើយោងតាមប្រមុខគណៈប្រតិភូរុស្ស៊ី បានឲ្យដឹងថា កិច្ចចរចាបានបញ្ចប់បន្ទាប់ពីមានការជួបគ្នារយៈពេលត្រឹមតែ ២ម៉ោងប៉ុណ្ណោះ ដែលជាពេលវេលាខ្លីជាងកិច្ចប្រជុំ ៦ម៉ោង កាលពីថ្ងៃអង្គារ។ ភាគីទាំង២ មិនបានពន្យល់លម្អិតនោះឡើយ អំពីអ្វីដែលពួកគេបានពិភាក្សា ឬថា តើពួកគេបានយល់ព្រមលើអ្វីមួយដែរ ឬអត់ ប៉ុន្តែភាគីទាំង២ បានលើកឡើងថា ការពិភាក្សាមានភាពស្មុគស្មាញណាស់។
សហរដ្ឋអាមេរិកបានប្រឹងប្រែងជំរុញឲ្យអណ្ដាតភ្លើងសង្គ្រាមដែលឆាបឆេះឡើងជិត ៤ឆ្នាំនេះរលត់ ប៉ុន្តែរហូតមកដល់ពេលនេះ មិនបានសម្របសម្រួលឲ្យមានការស្រុះស្រួលគ្នានោះឡើយ រវាងទីក្រុងមូស្គូ និងទីក្រុងគីវ ជុំវិញបញ្ហាសំខាន់ ពាក់ព័ន្ធនឹងទឹកដី។ បន្ទាប់ពីបញ្ចប់ការចរចានេះ ប្រធានគណៈប្រតិភូរុស្ស៊ី លោក Vladimir Medinsky បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីថា កិច្ចចរចាចុងក្រោយបង្អស់ នាថ្ងៃពុធនេះ គឺ «ពិបាក ប៉ុន្តែដូចជាការចរចាពាណិជ្ជកម្មអ៊ីចឹង»។
គួរបញ្ជាក់ថា កិច្ចប្រឹងប្រែងផ្នែកការទូត ដើម្បីបញ្ចប់សង្គ្រាមនេះ ត្រូវបានជាប់គាំងអស់រយៈពេលជាច្រើនខែមកហើយ ដោយសារបញ្ហាសំខាន់ ពាក់ព័ន្ធនឹងទឹកដី។ រុស្ស៊ីកំពុងជំរុញឲ្យមានការគ្រប់គ្រងទាំងស្រុងលើតំបន់ Donetsk ភាគខាងកើតរបស់អ៊ុយក្រែន ជាផ្នែកមួយនៃការមានកិច្ចព្រមព្រៀងណាមួយ ហើយបានគំរាមថា នឹងដណ្ដើមកាន់កាប់ទាំងអស់ដោយកម្លាំង ប្រសិនបើទីក្រុងគីវមិនព្រមនៅតុចរចាទេនោះ។ ប៉ុន្តែអ៊ុយក្រែនបានបដិសេធការទាមទារនេះ ហើយបានបង្ហាញសញ្ញាថា ខ្លួននឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងដោយគ្មានការធានាសន្តិសុខដែលរារាំងរុស្ស៊ីមិនឲ្យឈ្លានពានម្តងទៀតនោះឡើយ៕