នៅថ្ងៃពុធនេះ រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov មាននូវជំនួបមួយនឹងសមភាគីគុយបាលោក Bruno Rodriguez Parilla នៅក្នុងទីក្រុងមូស្គូ ស្របពេលដែលរុស្ស៊ីចាត់ទុកការបិទច្រករបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសកោះមួយនេះថា ខុសច្បាប់ ។
លោក Lavrov និយាយថា ទីក្រុងមូស្គូ នឹងបន្តការគាំទ្រដល់ប្រទេសគុយបា ហើយនិងប្រជាពលរដ្ឋគុយបា ដើម្បីការពារអធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសមួយនេះ ។
នៅថ្ងៃពុធនេះដែរ លោក Parilla គ្រោងនឹងមានជំនួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅឯវិមានក្រឹមឡាំង ។
ជំនួបនៅទីក្រុងមូស្គូ បានកើតមានឡើង ស្របពេលគុយបាជួបកង្វះខាតប្រេងធ្ងន់ធ្ងរ ក្រោយសហរដ្ឋអាមេរិក បិទការផ្គត់ផ្គង់ប្រេងរបស់ពួកគេ ។
វិមានក្រឹមឡាំងនិយាយថា ពួកគេនឹងពិភាក្សាបញ្ហាជំនួយជាមួយទីក្រុងឡាហាវ៉ាន់ ស្របពេលមានសេចក្តីរាយការណ៍ថា រុស្ស៊ីកំពុងរៀបចំបញ្ជូនប្រេងឆៅ និងប្រេងទៅកាន់ប្រទេសគុយបា ៕