សារព័ត៌មាន Axios បានរាយការណ៍កាលពីថ្ងៃពុធ១៨កុម្ភៈសប្ដាហ៍មុនថា សហរដ្ឋអាមេរិកកាន់តែខិតជិតដល់ជម្លោះយោធាជាមួយអ៊ីរ៉ង់ជាងអ្វីដែលជនជាតិអាមេរិកភាគច្រើនបានដឹង ហើយយុទ្ធនាការដ៏ធំមួយរយៈពេលជាច្រើនសប្តាហ៍អាចចាប់ផ្តើមឆាប់ៗនេះ ។

របាយការណ៍នេះបានសំអាងដល់ប្រភពជាច្រើន ដែលនិយាយថា ជម្លោះបែបនេះទំនងជាពាក់ព័ន្ធនឹងប្រតិបត្តិការដែលស្រដៀងនឹងសង្គ្រាម ជាងប្រតិបត្តិការរយៈពេលតែមួយថ្ងៃនៅប្រទេសវ៉េណេស៊ុយអេឡាដែលបានធ្វើឡើងកាលពីខែមុន។ ប្រភពដដែលទាំងនោះបានប្រាប់សារព័ត៌មាន Axios ថា វាទំនងជាយុទ្ធនាការរួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលដែលមានវិសាលភាពធំជាងសង្គ្រាមរយៈពេល១២ថ្ងៃកាលពីខែមិថុនាឆ្នាំមុនទៅទៀត។
ការចរចាជុំទីពីររវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានបញ្ចប់កាលពីថ្ងៃអង្គារ១៧កុម្ភៈ ដោយបេសកជនសហរដ្ឋអាមេរិក លោក Steve Witkoff និងលោក Jared Kushner បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi។ ទោះបីជាភាគីទាំងពីរបាននិយាយថា កិច្ចប្រជុំនេះបាននាំឱ្យមានវឌ្ឍនភាពក៏ដោយ ប្រភពជាច្រើនបានប្រាប់សារព័ត៌មាន The Jerusalem Post ថា គម្លាតសំខាន់ៗនៅតែមាន។
អនុប្រធានាធិបតីអាមេរិកលោក JD Vance បាននិយាយថា ដូចដែលប្រធានាធិបតីលើកឡើងអញ្ចឹងពួកលោកពិតជាចង់ដោះស្រាយរឿងនេះតាមរយៈការសន្ទនា និងការចរចាការទូត ប៉ុន្តែប្រធានាធិបតីមានជម្រើសទាំងអស់នៅលើតុ។ សារព័ត៌មាន Axios បានរាយការណ៍ថាសញ្ញាទាំងអស់ចង្អុលបង្ហាញថា លោក Trump នឹងចាប់ផ្តើមសកម្មភាពយោធា ប្រសិនបើការចរចាបរាជ័យ។
ខណៈប្រភពព័ត៌មានអាមេរិកមួយចំនួនបានប្រាប់សារព័ត៌មាន Axios ថាសហរដ្ឋអាមេរិកអាចត្រូវការពេលវេលាបន្ថែមទៀតដើម្បីរៀបចំ រួមទាំងសមាជិកព្រឹទ្ធសភាលោក Lindsey Graham ដែលបាននិយាយថា ការវាយប្រហារអាចចាយពេលច្រើនសប្តាហ៍ទៀត អ្នកផ្សេងទៀតមិនយល់ស្របទេ៕

