សេតវិមានបានបញ្ជាក់ជាថ្មីថា ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ នេះ នៅទីក្រុងវ៉ាស៊ីនតោន ជាទីដែលលោកនឹងប្រកាសថា បណ្ដារដ្ឋជាសមាជិកបានសន្យាផ្តល់ជំនួយជាង ៥ ពាន់លានដុល្លារ សម្រាប់ការកសាងឡើងវិញ និងកិច្ចខិតខំប្រឹងប្រែងផ្នែកមនុស្សធម៌នៅក្នុងតំបន់ហ្កាហ្សា។

លោកស្រី Karoline Leavitt អ្នកនាំពាក្យសេតវិមាន បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា ប្រជាជាតិជាង ២០ប្រទេស នឹងចូលរួមក្នុងកិច្ចប្រជុំនេះ ដោយបន្ថែមថា រដ្ឋជាសមាជិកបានប្តេជ្ញាផ្តល់បុគ្គលិករាប់ពាន់នាក់ ដើម្បីចូលរួមក្នុងកងកម្លាំងស្ថិរភាពអន្តរជាតិសម្រាប់តំបន់ហ្កាហ្សា។ លោកស្រី Leavitt បន្តថា លោក Trump នឹងធ្វើជាអធិបតីក្នុងផ្នែកដំបូងនៃកិច្ចប្រជុំនៅថ្ងៃព្រហស្បតិ៍នេះ ហើយបន្ទាប់មក លោកនឹងចាកចេញពីទីក្រុងវ៉ាស៊ីនតោន សម្រាប់ដំណើរទស្សនកិច្ចទៅកាន់រដ្ឋ Georgia។
គួររម្លឹកថា លោក Trump បានចុះហត្ថលេខាលើឯកសារនានានៅទីក្រុងដាវ៉ូស ប្រទេសស្វីស នៅថ្ងៃទី២៣ ខែមករា កន្លងទៅ ដើម្បីបង្កើតក្រុមប្រឹក្សាសន្តិភាព។ ការបង្កើតក្រុមប្រឹក្សានេះត្រូវបានគាំទ្រដោយសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលជាផ្នែកមួយនៃផែនការសន្តិភាពហ្កាហ្សារបស់លោក Trump។
ក្រោមផែនការរបស់លោក Trump សម្រាប់តំបន់ហ្កាហ្សា ដែលនាំឱ្យមានបទឈប់បាញ់ដ៏ផុយស្រួយមួយកាលពីខែតុលាកន្លងទៅ ក្រុមប្រឹក្សានេះគឺដើម្បីត្រួតពិនិត្យការគ្រប់គ្រងបណ្តោះអាសន្នរបស់តំបន់ហ្កាហ្សា។ ប៉ុន្តែក្រោយមកលោក Trump និយាយថា ក្រុមប្រឹក្សានេះ ដោយមានលោកជាប្រធាន នឹងពង្រីកតួនាទីដើម្បីដោះស្រាយជម្លោះសកល។ យ៉ាងណាក៏ដោយ កិច្ចប្រជុំនៅថ្ងៃព្រហស្បតិ៍នេះ ត្រូវបានរំពឹងថា នឹងផ្តោតតែលើតំបន់ហ្កាហ្សាប៉ុណ្ណោះ៕

