លោក Nikolay Patrushev ជំនួយការប្រធានាធិបតីរុស្ស៊ី បាននិយាយថា រុស្ស៊ី ចិន និងអ៊ីរ៉ង់ នឹងធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នា ជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការយោធាដែលកំពុងរីកចម្រើន ក្នុងគោលបំណងផ្លាស់ប្តូរតុល្យភាពអំណាចសកលនៅសមុទ្រ។

លោក Patrushev បានប្រាប់សារព័ត៌មានរុស្ស៊ី Argumenty i Fakty កាលពីថ្ងៃអង្គារសប្ដាហ៍នេះថា នាវាចម្បាំងមកពីប្រទេសទាំងបីត្រូវបានបញ្ជូនទៅធ្វើសមយុទ្ធក្បែរដែនទឹកអ៊ីរ៉ង់។ សមយុទ្ធនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការកសាងសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូលនៅលើមហាសមុទ្រ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលលោកហៅថា អនុត្តរភាពលោកខាងលិចដែលមានជាយូរមកហើយ។
ដោយត្រូវបានគេស្គាល់ថាជាខ្សែក្រវាត់សន្តិសុខសមុទ្រ សមយុទ្ធសង្គ្រាមត្រូវបានគ្រោងធ្វើឡើងនៅខែនេះ នៅឈូងសមុទ្រអូម៉ង់ និងមហាសមុទ្រឥណ្ឌាភាគខាងជើង ហើយនឹងមាននាវា និងយន្តហោះមកពីប្រទេសទាំងបីចូលរួម។ ដើមឡើយជាគំនិតផ្តួចផ្តើមរបស់អ៊ីរ៉ង់ សមយុទ្ធនេះត្រូវបានធ្វើឡើងជាត្រីភាគីចាប់តាំងពីឆ្នាំ២០១៩លើកលែងតែនៅឆ្នាំ២០២១នៅពេលប្រទេសចិនមិនបានចូលរួម។
លោក Patrushev បាននិយាយថា សមុទ្រកំពុងក្លាយជាវេទិកាសម្រាប់ "ការឈ្លានពានយោធា" និងការរស់រានឡើងវិញនៃ "ការទូតបែបសម្លុតគំរាម" ដោយលើកឡើងពីភាពតានតឹងថ្មីៗជុំវិញប្រទេស វ៉េណេស៊ុយអេឡា និងអ៊ីរ៉ង់។ លោកថា លោកខាងលិចបានត្រួតត្រាលើសមុទ្រអស់រយៈពេលយូរមកហើយ រហូតដល់ដើមសតវត្សរ៍នេះ ប៉ុន្តែឥឡូវនេះ អនុត្តរភាពរបស់ពួកគេគឺជាអតីតកាល៕

