ខណៈសល់ ២សប្ដាហ៍ទៀត នឹងឈានដល់ការប្រកួតជើងទី១ រវាងភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង ក្នុងវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់ជើងឯកក្លិបាល់ទាត់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League ឆ្នាំ២០២៥/២៦ កាលពីថ្ងៃពុធកន្លងទៅ ភ្នំពេញក្រោន បានប្រកាសលក់សំបុត្រអស់ចំនួន ៣,៥០០សន្លឹកហើយ មុនការប្រកួតមកដល់ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ខាងមុខ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក)។
សម្រាប់ជំនួបជើងទី១ ដែលភ្នំពេញក្រោន ត្រូវធ្វើម្ចាស់ផ្ទះនេះ សំបុត្រមាន ២ប្រភេទ ក្នុងនោះ សម្រាប់សំបុត្រនៅតំបន់គ្មានដំបូលតម្លៃពេញ ១៤០០០រៀល តែក្លិបដាក់លក់បញ្ចុះតម្លៃសល់ត្រឹមតែ ១២០០០រៀល និងសំបុត្រតំបន់ VIP ឬមានដំបូល តម្លៃពេញ ២០០០០រៀល ជាជំហានដំបូងក្លិបបញ្ចុះតម្លៃសល់ត្រឹមតែ ១៦០០០រៀល។ រយៈពេល ១ឆ្នាំ បើគិតពីថ្ងៃទី១៩ ខែមករា ដល់ថ្ងៃទី១៨ ខែកុម្ភៈ ភ្នំពេញក្រោន លក់សំបុត្របាន ៣,៥០០សន្លឹក ហើយក្លិបក៏បានអំពាវនាវដល់អ្នកគាំទ្ររួសរាន់ទិញជាមួយតម្លៃពិសេសនេះផងដែរ។
គួរដឹងថា ក្លិបបាល់ទាត់តំណាងប្រទេសកម្ពុជាទាំងពីរ បានឡើងមកជួបគ្នាក្នុងវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់ AFC Challenge League ឆ្នាំ២០២៥/២៦ បន្ទាប់ពីក្រុមទាំងពីរ បានបញ្ចប់ការប្រកួតនៅចំណាត់ថ្នាក់ផ្ទុយគ្នា ក្នុងវគ្គចែកពូលប្រចាំតំបន់ស៊ីខាងកើ ពោលគឺព្រះខ័នរាជស្វាយរៀង ឈរលេខ១ ក្នុងពូលD ខណៈភ្នំពេញក្រោន ឈរលេខ២ នៃពូលE ហើយក្រុមទាំងពីរ នឹងត្រូវធ្វើការប្រកួត ២ជើង ដើម្បីស្វែងរកក្រុមឈ្នះ ១ក្រុមឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ជំនួបដ៏កម្រិតរវាងក្រុមតំណាងប្រទេសនេះដែរ នឹងធ្វើឡើង ២ជើង ក្នុងនោះជើងទី១ ភ្នំពេញក្រោន ត្រូវធ្វើម្ចាស់ផ្ទះ តែដោយសារកីឡដ្ឋានពួកគេ មិនអាចបំពេញលក្ខខណ្ឌ AFC ក៏សម្រេចរៀបចំការប្រកួតនៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) នាថ្ងៃទី៥ ខែមីនា ខណៈជើងទី២ នឹងប្រកួតនៅទឹកដីព្រះខ័នរាជស្វាយរៀងវិញម្ដង នាពហុកីឡដ្ឋានជាតិមរតកតេជោ។ ដូច្នេះគេរំពឹងថា ជំនួបរវាងក្រុមខ្លាំងទាំងពីរ ក្នុងពានរង្វាន់អន្ដរជាតិ នឹងទទួលបានការគាំទ្រកាន់តែខ្លាំងថែមទៀត៕ អត្ថបទ៖ លី ឈុនឡា
