នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា ទាហានម្នាក់ដែលត្រូវបានសម្លាប់នៅក្នុងតំបន់ហ្កាហ្សាកាលពីថ្ងៃពុធ បានស្លាប់នៅក្នុងឧប្បត្តិហេតុ «បាញ់ប្រហារច្រឡំពីគ្នាឯង»។

មុននេះ យោធាអ៊ីស្រាអែលបាននិយាយថា លោក Ofri Yafe អាយុ ២១ឆ្នាំ ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធនៅភាគខាងត្បូងតំបន់ហ្កាហ្សា។
ទោះជាយ៉ាងណា នៅក្នុងសាររំលែកទុក្ខទៅកាន់ក្រុមគ្រួសាររបស់លោក Yafe លោក Netanyahu បាននិយាយថា លោក «បានជួបហេតុការណ៍បាញ់ប្រហារច្រឡំពីគ្នាឯង» នៅក្នុងដែនដីប៉ាឡេស្ទីន នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញដោយការិយាល័យនាយករដ្ឋមន្ត្រី។
ការស្លាប់នេះ បានធ្វើឱ្យចំនួនទាហានអ៊ីស្រាអែលដែលត្រូវបានសម្លាប់នៅក្នុងតំបន់ហ្កាហ្សាកើនឡើងដល់ប្រាំនាក់ គិតចាប់តាំងពីបទឈប់បាញ់បានចូលជាធរមាននៅថ្ងៃទី១០ ខែតុលា។
