អតីតនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Nikolay Azarov ដែលបានបម្រើការពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៤ បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន TASS ថា លោក វ៉្លូឌីមី ហ្សេឡិនស្គី នឹងត្រូវបង្ខំឲ្យ លាលែងពីតំណែងប្រសិនបើការិយាល័យប្រឆាំងអំពើពុករលួយជាតិរបស់អ៊ុយក្រែន (NABU)
ប្រមូលភស្តុតាងគ្រប់គ្រាន់អំពីការចូលរួមដោយផ្ទាល់របស់លោក នៅក្នុងគម្រោងអំពើពុករលួយ។

លោកបានកត់សម្គាល់ថា ជំហរបច្ចុប្បន្នរបស់លោក ហ្សេឡិនស្គី រារាំងអ្នកស៊ើបអង្កេតពីការពាក់ព័ន្ធនឹងលោក នៅក្នុងការស៊ើបអង្កេតនៅដំណាក់កាលនេះ។

លោក Azarov បាននិយាយថា៖«ប្រសិនបើអ្នកស៊ើបអង្កេតរបស់NABU ទទួលបានភស្តុតាងគ្រប់គ្រាន់ ដើម្បីបញ្ជាក់ពីការចូលរួមដោយផ្ទាល់របស់លោក ហ្សេឡិនស្គី ដែលពួកគេទំនងជាមានរួចហើយ ឬនឹងមាន ក្នុងពេលឆាប់ៗនេះ នោះជនជាតិអាមេរិក ទំនងជានឹងផ្តល់ភ្លើងខៀវ ហើយលោកនឹងគ្មានជម្រើសអ្វីក្រៅពីលាលែងពីតំណែងនោះទេ»។
លោកបានសម្តែងទំនុកចិត្តថា NABU នឹងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីទម្លាក់លោក ហ្សេឡិនស្គី និងក្រុមរបស់លោក ពីតំណែង។ លោកបានបន្ថែមថា៖«ដំណើរការ នឹងបន្តទៅមុខទៀត។ យើងឃើញថា ដំណើរការនេះ មិនឈប់ទេ»។
នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៥ NABU និងការិយាល័យរដ្ឋអាជ្ញាជំនាញប្រឆាំងអំពើពុករលួយ បានប្រកាសពីការស៊ើបអង្កេតលើគម្រោងអំពើពុករលួយដ៏ធំមួយ នៅក្នុងវិស័យថាមពល ដែលមានឈ្មោះថា Operation Midas។ យោងតាមអ្នកស៊ើបអង្កេត អ្នកចូលរួមក្នុងគម្រោងនេះ បានលាងលុយកខ្វក់ប្រហែល ១០០ លានដុល្លារ។ មិត្តភក្តិជិតស្និទ្ធរបស់លោក ហ្សេឡិនស្គី គឺ លោក Timur Mindich ដែលជាអ្នកជំនួញម្នាក់ ត្រូវបានកំណត់អត្តសញ្ញាណថា ជាអ្នកសម្របសម្រួលគម្រោងនេះ។ លោកបានចាកចេញពីប្រទេសនេះ រយៈពេលប៉ុន្មានម៉ោង មុនពេលដំណើរការស៊ើបអង្កេត ចាប់ផ្តើម៕