បាល់ទាត់៖ អង្គការផ្កាយសមុទ្រកម្ពុជាបានរៀបចំការប្រកួតបាល់ទាត់កុមារា Ian Thompson Memorial 2022 ដោយមានកីឡាករជាកុមារា និងយុវជនប្រមាណ ៥៤០នាក់ចូលរួមប្រកួតរយៈពេល ១ថ្ងៃពេញនៅទីលានរបស់អង្គការផ្កាយសមុទ្រស្ថិតនៅភូមិព្រះធាតុ សង្កាត់រលួស កាលពីចុងសប្ដាហ៍កន្លងទៅ។
លោក យិន សាមឌី អ្នកគ្រប់គ្រងកម្មវិធីប្រកួតនេះបានឲ្យដឹងថា ឆ្នាំនេះគឺជាឆ្នាំទី៣ ហើយដែលអង្គការរបស់ខ្លួនបានរៀបចំពានរង្វាន់អន្ដរជាតិមួយនេះ ក្រោមកិច្ចសហការជាមួយមូលនិធិ Ian Thompson Memorial ព្រោះលោក Ian Thompson គឺជាអ្នកគាំទ្រវិស័យកីឡាដ៏មុះមុតម្នាក់ និងគាំទ្របេសកកម្មរបស់អង្គការផ្កាយសមុទ្រកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រតាមរយៈលទ្ធភាពស្មើៗគ្នាក្នុងការទទួលបាននូវការអប់រំ ការថែទាំសុខភាព និងកីឡា។ ចំពោះគោលបំណងសំខាន់នៃព្រឹត្តិការណ៍នេះ គឺអង្គការចង់ផ្ដល់ឱកាសឲ្យកុមារនៅកម្ពុជានៅតាមខេត្ត និងនៅរាជធានីភ្នំពេញ ទទួលបានឱកាសការប្រកួតប្រជែងដ៏ត្រឹមត្រូវមួយ អាចបង្ហាញសមត្ថភាពក្នុងការលេងបាល់ទាត់តាមរយៈការប្រកួតនេះ។
តាមការបញ្ជាក់របស់លោកស្រី ជួប វិច្ឆិកា ប្រធានគ្រប់គ្រងអង្គការផ្កាយសមុទ្រប្រចាំកម្ពុជាបានឲ្យដឹងថា ព្រឹត្តិការណ៍នេះមាន ៤៥ក្រុមចូលរួមមកពី ៨រាជធានី-ខេត្តដោយបែងចែកតាមប្រភេទអាយុ រួមមានក្រុមកុមារាអាយុក្រោម ១០ឆ្នាំ, អាយុក្រោម ១៤ឆ្នាំ និងអាយុក្រោម ១៦ឆ្នាំ ហើយក្រុមនីមួយៗត្រូវប្រកួតចំនួន ៥លើកដើម្បីសន្សំពិន្ទុទៅប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រតែម្ដង៕
អត្ថបទ៖ លី ឈុនឡា