ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា បានស្វាគមន៍ការចាប់ផ្តើមនៃខែបុណ្យរ៉ម៉ាឌនដ៏ពិសិដ្ឋរបស់ពលរដ្ឋមូស្លីម។
អំឡុងពេលនៃការតមអាហារចាប់ពីពេលថ្ងៃរះ រហូតដល់ពេលថ្ងៃលិច បានចាប់ផ្តើមកាលពីថ្ងៃពុធ។
ប្រជាជនហ្កាហ្សា បានបង្ហាញក្តីសង្ឃឹមសម្រាប់ស្ថិរភាព និងការស្តារឡើងវិញយ៉ាងឆាប់រហ័សនៅតំបន់ហ៊ុមព័ទ្ធមួយនេះ។
ក្រុមការងារការិយាល័យតំបន់ហ្កាហ្សារបស់ប្រព័ន្ធផ្សព្វផ្សាយ NHK បានធ្វើដំណើរទៅទីផ្សារមួយកន្លែងនៅក្រុង Nuseirat តំបន់ហ្កាហ្សាភាគកណ្តាល។ ទីផ្សារនេះ មានភាពមមាញឹកដោយមានអ្នកទិញគ្រឿងតុបតែងនិងអាហារសម្រាប់បុណ្យរ៉ម៉ាឌន។

ពិធីបុណ្យសាសនាប្រចាំឆ្នាំនេះ ធ្វើឡើងខណៈកងទ័ពអ៊ីស្រាអែល បន្តវាយប្រហារម្តងម្កាលនៅក្នុងតំបន់ហ្កាហ្សា ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានចូលជាធរមានកាលពីខែតុលា ឆ្នាំមុនក៏ដោយ ដោយបានអះអាងថាក្រុមហាម៉ាស បានបំពានលើកិច្ចព្រមព្រៀង។
អាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សានិយាយថា មនុស្សជាង៦០០នាក់ បានស្លាប់ក្រោយមានបទឈប់បាញ់។ អ្នកស្រុកម្នាក់បានសម្តែងក្តីសង្ឃឹមសម្រាប់រដូវកាលបុណ្យរ៉ម៉ាឌនដ៏ពិសិដ្ឋ និងបួងសួងឲ្យបញ្ចប់ជម្លោះទាំងស្រុង ដែលនឹងអនុញ្ញាតឱ្យប្រជាជនរស់នៅក្នុងភាពរីករាយ និងត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញ។
