លោក Ahmed Abdu អាយុ ២៨ ឆ្នាំ បានចតម៉ូតូរបស់លោកនៅជិតសាលមួយកន្លែងដែលកំពុងសាងសង់នៅទីក្រុង Sanaa ។ លោកបានដឹកជញ្ជូនកញ្ចប់អាហារទៅឱ្យអតិថិជនម្នាក់។ ប្រហែលជិតមួយនាទីក្រោយមក ការវាយប្រហារតាមអាកាសបានធ្លាក់ទៅលើសាលនោះ បង្កឱ្យមានការផ្ទុះយ៉ាងខ្លាំងនិងមានអគ្គិភ័យឆាបឆេះ។ អ្នកដើរឆ្លងកាត់ បានស្រែក ហើយរត់គេចចេញដោយភ័យស្លន់ស្លោ។ ការវាយប្រហារនេះបានកើតឡើងកាលពីខែបុណ្យរ៉ម៉ាឌន ឆ្នាំមុន នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥ នៅក្នុងរដ្ឋធានីប្រទេសយេម៉ែន។

លោក Ahmed ដែលបានរួចផុតពីគ្រោះថ្នាក់ បាននិយាយថា លោកមិនភ្លេចពេលវេលាដ៏គួរឱ្យភ័យរន្ធត់នោះទេ។ លោកបានរត់គេចចេញដោយមិនរងរបួស ប៉ុន្តែម៉ូតូរបស់លោកត្រូវបានឆេះ ហើយជនស៊ីវិល៩នាក់បានរងរបួស។ នៅពេលដែលប្រទេសយេម៉ែនចូលដល់ខែបុណ្យរ៉ាម៉ាដានថ្មីនេះ ការចងចាំអំពីយុទ្ធនាការតាមអាកាសដឹកនាំដោយសហរដ្ឋអាមេរិកកាលពីឆ្នាំមុន គឺប្រតិបត្តិការ Rough Rider កំពុងលេចចេញជាថ្មីនៅក្នុងទីក្រុងសាណា។ ប្រតិបត្តិការរយៈពេលពីរខែ ដែលទីក្រុងវ៉ាស៊ីនតោន បាននិយាយថា បានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធយោធារបស់ក្រុមហ៊ូទី បានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ២២៤ នាក់ ភាគច្រើននៅក្នុងខែបុណ្យរ៉ម៉ាដន កាលពីឆ្នាំមុន។ បច្ចុប្បន្ន ប្រទេសនេះនៅតែស្ថិតក្នុងភាពវឹកវរក្នុងចំណោមភាពតានតឹងកើនឡើងនៅក្នុងតំបន់។
លោក Ahmed បានប្រាប់សារព័ត៌មាន Al Jazeera ថា «ខ្ញុំមិនដឹងថាតើភាពស្ងប់ស្ងាត់នេះនឹងបន្តនៅក្នុងខែបុណ្យរ៉ម៉ាឌននេះ ឬយើងនឹងឆ្លងកាត់វាម្តងទៀតនូវភាពភ្ញាក់ផ្អើលដ៏រន្ធត់នៃសង្គ្រាមដែលយើងបានស៊ូទ្រាំកាលពីឆ្នាំមុន។ ភាពមិនប្រាកដប្រជាបែបនេះ គួរឱ្យព្រួយបារម្ភខ្លាំង»។
