បន្ទាយមានជ័យ៖ ទីផ្សារតម្លៃដំឡូងមី នៅក្នុងប្រទេសកម្ពុជា ត្រូវបានគេដឹងហើយថា គឺមានការឡើងចុះមិនទៀតទាត់ អាស្រ័យលើទីផ្សារក្រៅប្រទេស ដែលពេលខ្លះធ្វើឱ្យកសិករដាំដុះ សឹងតែមិនបានទូទាត់រួចនឹងការ ចំណាយដាំដុះផង។ តែពេលចុងក្រោយនេះ តម្លៃទីផ្សារដំឡូងមី ហាក់មានភាពល្អប្រសើរវិញ។
កសិករ ដាំដំឡូងមី ក្នុងខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ឆ្នាំ២០១៨នេះ តម្លៃដំឡូងមីលើទី ផ្សារ គឺមានភាពល្អប្រសើរជាងឆ្នាំមុនៗ ទោះប្រមូលផលក្នុងរដូវវស្សា និងមិនគ្រប់ខែក៏ដោយ។ ការមាន តម្លៃល្អនេះ គឺដោយសារមានតម្រូវការ នៅឯទីផ្សារវៀតណាម និងថៃ។
ក្រុមកសិករ បានឱ្យដឹងថា អាស្រ័យដោយកត្តាអាកាសធាតុ ពួកគេសម្រេចដកមើមដំឡូងលក់ ទាំងមិនទាន់គ្រប់អាយុកាល គឺទើបតែមានអាយុ៦ខែប៉ុណ្ណោះ តែបើទុកឱ្យដល់អាយុកាល បារម្ភក្រែងមាន ភ្លៀងធ្លាក់ជោគជាំមក វានឹងរលួយមើម។ ប៉ុន្តែ ទោះបីជាមើមដំឡូងមី អាយុត្រឹម៦ខែ ក៏មើមស្រស់ នៅឆ្នាំ នេះ អាចលក់បានថ្លៃជិត៣រយរៀលក្នុងមួយគីឡូក្រាម គឺថ្លៃជាងឆ្នាំ២០១៧ ដែលលក់ បានតែជិត២រយ រៀលក្នុងមួយគីឡូក្រាម។
លោក ប៉ុក ឡាយជី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា មើមដំឡូងមី នៅឆ្នាំនេះ ពិតជាមានតម្លៃល្អមែន គឺមើមស្រស់ អាចលក់បានថ្លៃ២៨៣រៀលក្នុងមួយគីឡូក្រាម និងមើម ស្ងួត លក់បានថ្លៃ៧៦៣រៀល ក្នុងមួយគីឡូក្រាម។
ខេត្តបន្ទាយមានជ័យ ក្នុងឆ្នាំ២០១៨នេះ កសិករបានដាំដំឡូងមីលើផ្ទៃដីជាង៩ម៉ឺនហិកតា ខណៈ មានភាពអំណោយផលល្អ ទាំងរបាយទឹកភ្លៀង អាកាសធាតុ និងតម្លៃទីផ្សារ៕
![]()
