អាមេរិក៖ ក្រុមអាជ្ញាធរនៅក្នុងទីក្រុងអាត្លង់តា រដ្ឋចចជា សហរដ្ឋអាមេរិក កំពុងបើកការស៊ើបអង្កេតក្នុងករណីបាញ់ប្រហារដ៏សាហាវ នៅហាងស្ប៉ាក្នុងស្រុកចំនួន ៣កន្លែងដាច់ដោយឡែកពីគ្នាដែលបានបណ្ដាលឲ្យមនុស្ស ៨នាក់ស្លាប់ និងម្នាក់រងរបួស។ នគរបាលបានចាប់ខ្លួនជនសង្ស័យម្នាក់ និងកំពុងឃុំខ្លួន។

នៅពេលនេះគេមិនទាន់ដឹងពីមូលហេតុច្បាស់លាស់ទេថា តើការបាញ់ប្រហារទាំង ៣កន្លែងនោះមានជាប់ពាក់ព័ន្ធគ្នា ឬមានមូលហេតុអ្វីពិតប្រាកដ ដែលនាំឲ្យមានការបាញ់ប្រហារនេះកើតឡើង។ យោងតាមរបាយការណ៍ពីសារព័ត៌មាន CNN ជនរងគ្រោះយ៉ាងហោចណាស់ ៤នាក់ទំនងជាស្ត្រីជនជាតិអាស៊ី។ សារព័ត៌មាន CNN បានរាយការណ៍ថា ការបាញ់ប្រហារចំនួន២ករណីបានធ្វើឡើងនៅហាងស្ប៉ា ស្ថិតនៅតាមបណ្ដោយផ្លូវនៅក្នុងភាគឦសាន ទីក្រុងអាត្លង់តា ចំណែកមួយករណីទៀតនៅតំបន់ឆេរ៉ូកេ ភាគខាងលិចទីក្រុងនេះ។
ភ្លាមៗបន្ទាប់ពីកើតឡើងមនុស្សចំនួន ៤នាក់ត្រូវបានសម្លាប់ នៅហាងម៉ាស្សាក្នុងសង្កាត់វ៉ូដស្តុក មនុស្ស ៣នាក់ត្រូវបានបាញ់សម្លាប់ នៅហាងស្ប៉ាក្នុងភាគឦសានទីក្រុងអាត្លង់តា ចំណែកជនរងគ្រោះទី៤ ត្រូវបានសម្លាប់នៅហាងស្ប៉ាមួយផ្សេងទៀត នៅទល់នឹងផ្លូវនោះ៕
អត្ថបទ៖ សុខមាន