កាលពីថ្ងៃពុធ (ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦) សេតវិមានបានព្រមានថា ប្រទេសអ៊ីរ៉ង់នឹងមាន «ភាពឈ្លាសវៃ» ក្នុងការធ្វើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ខណៈដែលលោកប្រធានាធិបតី Donald Trump បានបង្ហើបជាថ្មីម្តងទៀត អំពីវិធានការយោធា។
ភាគីទាំង២ ទើបតែបានបន្តការចរចាដោយប្រយោល ដែលសម្របសម្រួលដោយប្រទេសអូម៉ង់ បន្ទាប់ពីលោក Trump បានគំរាមកំហែងម្តងហើយម្តងទៀត អំពីការមានប្រតិបត្តិការយោធា លើប្រទេសអ៊ីរ៉ង់ ជុំវិញការបង្ក្រាបដ៏សាហាវ លើក្រុមបាតុករកាលពីខែមករា។
ការប៉ុនប៉ងចរចានៅមុននេះ មិនសម្រេចបានផ្លែផ្កាអ្វីឡើយ នៅពេលដែលអ៊ីស្រាអែល បានបើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើល លើអ៊ីរ៉ង់ ក្នុងខែមិថុនា ឆ្នាំ២០២៥ ដោយចាប់ផ្តើមសង្គ្រាមរយៈពេល ១២ថ្ងៃ ដែលទីក្រុងវ៉ាស៊ីនតោនបានចូលរួមមួយរយៈខ្លី ក្នុងការទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់។

អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រាប់អ្នកសារព័ត៌មានថា «អ៊ីរ៉ង់នឹងមានឈ្លាសវៃណាស់ ក្នុងការធ្វើកិច្ចព្រមព្រៀងជាមួយលោកប្រធានាធិបតី Trump និងរដ្ឋបាលរបស់លោក»។
កាលពីថ្ងៃទី១៨ ខែកុម្ភៈ តាមរយៈការបង្ហោះមួយ នៅលើគេហទំព័របណ្ដាញសង្គម Truth Social របស់លោក លោក Trump បានលើកឡើងជាថ្មីម្តងទៀតថា សហរដ្ឋអាមេរិកអាចនឹងវាយប្រហារអ៊ីរ៉ង់ ដោយការបង្កើនកងកម្លាំងយោធារបស់សហរដ្ឋអាមេរិកកំពុងដំណើរការ នៅតំបន់មជ្ឈិមបូព៌ា។
ប្រព័ន្ធផ្សព្វផ្សាយ CNN និង CBS បានរាយការណ៍នៅថ្ងៃទី១៨ ខែកុម្ភៈថា យោធាអាមេរិក នឹងត្រៀមជាស្រេច ដើម្បីបើកការវាយប្រហារលើអ៊ីរ៉ង់នៅដើមចុងសប្តាហ៍នេះ តែលោក Trump ត្រូវបានគេរាយការណ៍ថា មិនទាន់បានធ្វើការសម្រេចចិត្តចុងក្រោយនៅឡើយទេ៕

