ចក្រភពអង់គ្លេស កាណាដា និងសហភាពអឺរ៉ុប (EU) កាលពីថ្ងៃពុធ (ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦) បានថ្កោលទោសឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដែលអាចកើតមាន នៅក្នុងប្រទេសស៊ូដង់ ក្នុងអំឡុងពេលសង្គ្រាមជិត ៣ឆ្នាំ រវាងកងទ័ព និងគូបដិបក្ខ គឺក្រុមយោធាប៉ារ៉ា។
កងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) បានជាប់នៅក្នុងការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា ដើម្បីគ្រប់គ្រងប្រទេស ចាប់តាំងពីខែមេសា ឆ្នាំ២០២៣។ សង្គ្រាមនេះបានឆក់យកជីវិតមនុស្សរាប់ម៉ឺននាក់ ធ្វើឲ្យមនុស្ស ១១លាននាក់ផ្លាស់ទីលំនៅ និងបង្កឲ្យកើតនូវអ្វីដែលអង្គការសហប្រជាជាតិ (UN ចាត់ទុកថា ជាវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតមួយរបស់ពិភពលោក។
សេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃពុធ បានលើកឡើងថា ប្រទេសចុះហត្ថលេខា «ថ្កោលទោសអំពើហិង្សាដ៏គួរឲ្យស្អប់ខ្ពើមប្រឆាំងនឹងជនស៊ីវិល ជាពិសេសស្ត្រី និងកុមារ និងការរំលោភបំពានធ្ងន់ធ្ងរទាំងអស់លើច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងលក្ខខណ្ឌដ៏ខ្លាំងក្លាបំផុត»។

សេចក្ដីថ្លែងការណ៍បានបន្ថែមថា៖ «ការរំលោភបំពានទាំងនេះ អាចស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាម ឬឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ហើយត្រូវតែស៊ើបអង្កេតភ្លាមៗ និងគ្មានភាពលម្អៀង ដោយនាំខ្លួនអ្នកដែលត្រូវទទួលខុសត្រូវ ចំពោះឧក្រិដ្ឋកម្មអន្តរជាតិទៅកាត់ទោស។ អំពើហិង្សាផ្លូវភេទ និងផ្អែកលើយេនឌ័រ កំពុងរីករាលដាល ទុរ្ភិក្សត្រូវបានអះអាងថា កើតមាន និងភាពអត់ឃ្លានធ្ងន់ធ្ងរនៅតែបន្តរីករាលដាល»។
សង្គ្រាមនេះបានធ្វើឲ្យប្រទេសនេះបែកជា២ ដោយកងទ័ពកាន់កាប់ផ្នែកកណ្តាល ភាគខាងជើង និងខាងកើត ខណៈដែលកងកម្លាំង RSF គ្រប់គ្រងភាគខាងលិច ហើយរួមជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន គ្រប់គ្រងផ្នែកខ្លះនៃភាគខាងត្បូង៕


