អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានព្រមានថ្នាក់ដឹកនាំបច្ចេកវិទ្យា នៅថ្ងៃព្រហស្បតិ៍ (ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ អំពីហានិភ័យនៃបញ្ញាសិប្បនិម្មិត (AI) ដោយនិយាយថា អនាគតរបស់វា មិនអាចត្រូវប្រើប្រាស់ «តាមការចង់បានរបស់មហាសេដ្ឋីមួយចំនួនតូច» នោះឡើយ។
អំឡុងពេលថ្លែងនៅក្នុងកិច្ចប្រជុំកំពូល AI សកល នៅប្រទេសឥណ្ឌា អគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះ បានអំពាវនាវដល់មហាសេដ្ឋីបច្ចេកវិទ្យាឲ្យគាំទ្រមូលនិធិសកលចំនួន ៣ពាន់លានដុល្លារ ដើម្បីធានាបាននូវការចូលប្រើប្រាស់បច្ចេកវិទ្យាដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស សម្រាប់ទាំងអស់គ្នា ដោយលោកបានបញ្ជាក់ថា «បញ្ញាសិប្បនិម្មិត (AI) ត្រូវតែផ្ដល់ផលប្រយោជន៍ដល់មនុស្សគ្រប់គ្នា»។

លោក Guterres បានបន្ថែមថា «អនាគតនៃបញ្ញាសិប្បនិម្មិត មិនអាចត្រូវបានសម្រេចដោយប្រទេសមួយចំនួនតូច ឬទុកឲ្យស្ថិតនៅក្រោមការចង់បានរបស់មហាសេដ្ឋីមួយចំនួនតូចនោះឡើយ» ដោយលោកបានព្រមានថា ពិភពលោកប្រឈមនឹងការធ្វើឲ្យមានវិសមភាពកាន់តែធ្ងន់ធ្ងរឡើង ប្រសិនបើមិនមានវិធានការបន្ទាន់ទេនោះ។
អង្គការសហប្រជាជាតិបានបង្កើតស្ថាប័នប្រឹក្សាយោបល់វិទ្យាសាស្ត្រ AI ដើម្បីជួយប្រទេសនានាធ្វើការសម្រេចចិត្ត អំពីបច្ចេកវិទ្យាបដិវត្តន៍។ ហើយលោក Guterres បានព្រមានថា ប្រជាជនត្រូវតែទទួលបានការការពារពីការកេងយកប្រយោជន៍ ហើយសង្កត់ធ្ងន់ថា «គ្មានកុមារណាម្នាក់គួរជាប្រធានបទសាកល្បង សម្រាប់ AI ដែលមិនមានការគ្រប់គ្រងនោះទេ»។ ជាមួយគ្នានេះ លោកបានជំរុញឲ្យមានរបាំងការពារសកល ដើម្បីធានាការត្រួតពិនិត្យ និងការទទួលខុសត្រូវ និងការបង្កើត «មូលនិធិសកលស្តីពី AI» ដើម្បីកសាងសមត្ថភាពជាមូលដ្ឋាន៕

