រថយន្តដឹកជំនួយរបស់អង្គការសហប្រជាជាតិ(UN) បានធ្វើដំណើរទៅដល់តំបន់ Kordofan របស់ប្រទេសស៊ូដង់ គឺជាតំបន់មួយដែលត្រូវបានកាត់ផ្តាច់កិច្ចខិតខំជួយសង្រ្គោះ ស្របពេលមានការព្រមានថា ការវាយប្រហារយានដ្រូនស្លាប់មនុស្ស នឹងបង្កឲ្យមានវិបត្តិអត់ឃ្លាន ។
UN និយាយកាលពីថ្ងៃពុធថា រថយន្តដឹកជំនួយរបស់ខ្លួន បានធ្វើដំណើរទៅដល់ទីក្រុង Dilling និងទីក្រុង Kadugli ស្ថិតនៅតំបន់ភាគកណ្តាល Kordofan របស់ប្រទេសស៊ូដង់ ជាមួយនឹងគ្រឿងផ្គត់ផ្គង់មនុស្សធម៌សង្រ្គោះអាយុជីវិត ។
UN និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានដឹកទំនិញម្ហូបអាហារទម្ងន់ជាង ៧០០តោន ឧបត្ថម្ភដល់មនុស្សជាង ៧ម៉ឺននាក់ រួមទាំងម្តាយ និងកូន ២១.០០០នាក់ ដើម្បីការពារពួកគេឲ្យចៀសផុតពីកង្វះអាហារូបត្ថម្ភ ។

UN បន្តថា ទីក្រុង Dilling និងទីក្រុង Kadugli ត្រូវបានកាត់ផ្តាច់ជំនួយភាគច្រើន អស់រយៈពេលជាង ២ឆ្នាំមកហើយ ធ្វើឲ្យសហគមន៍ជួបកង្វះខាតជំនួយមនុស្សធម៌ធ្ងន់ធ្ងរ ។
ការចែកចាយជំនួយនេះដែរ បានកើតមានឡើង ក្រោយប្រទេសជាង ៣០ បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធបង្ហាញក្តីបារម្ភខ្លាំងរបស់ពួកគេចំពោះការកើនឡើងការវាយប្រហារយានដ្រូន ស្របពេលមានការប្រយុទ្ធគ្នាដ៏ខ្លាំងក្លានៅតំបន់ Darfur និងតំបន់ Kordofan ។
ប្រទេសចំនួន ២៨នៅសហភាពអឺរ៉ុប បូករួមទាំងកាណាដា នូវែលសេឡង់ និងអង់គ្លេស បានព្រមានថា ការវាយប្រហារដោយចេតនាលើកម្មករជំនួយ ហើយនិងការរារាំងដោយចេតនាការផ្គត់ផ្គង់ជំនួយ អាចរាប់បញ្ចូលថា ជាឧក្រិដ្ឋកម្មសង្រ្គាម ។
សេចក្តីថ្លែងការណ៍នេះ បានកើតមាន ក្រោយមនុស្ស ២៨នាក់ ត្រូវបានសម្លាប់ និងមនុស្សរាប់សិបនាក់ផ្សេងទៀត រងរបួស ពេលដែលយានដ្រូនបាញ់មីស៊ីលលើផ្សារ al-Safiya ស្ថិតក្នុងទីក្រុង Sodari រដ្ឋ North Kordofan កាលពីថ្ងៃអាទិត្យ ៕
