អាជ្ញាធរនៅក្នុងប្រទេសស៊ីរី បានរារាំងការប៉ុនប៉ងរត់ពន្ធគ្រឿងញៀនយ៉ាងច្រើនចេញពីប្រទេសនេះ។
នាយកដ្ឋានប្រឆាំងគ្រឿងញៀនស៊ីរី បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានរឹបអូសបានថ្នាំ captagon ប្រហែល ៤០០.០០០ គ្រាប់ ដែលមានទម្ងន់ប្រហែល ៦៥ គីឡូក្រាម ក្នុងអំឡុងពេលប្រតិបត្តិការមួយ នៅក្នុងខេត្ត Homs ដែលត្រូវបានអនុវត្តដោយមានការសម្របសម្រួលជាមួយអគ្គនាយកដ្ឋានត្រួតពិនិត្យគ្រឿងញៀន និងសារធាតុគីមីដែលធ្វើឲ្យប៉ះពាល់សរសៃប្រសាទរបស់ប្រទេសអ៊ីរ៉ាក់។
ទីភ្នាក់ងារសារព័ត៌មានអារ៉ាប់ស៊ីរី បានរាយការណ៍ថា ថ្នាំញៀនទាំងនេះ ទំនងជាត្រូវបានរត់ពន្ធទៅកាន់ប្រទេសដទៃទៀត។ ជនសង្ស័យពីរនាក់ ត្រូវបានចាប់ខ្លួនពីបទគ្រប់គ្រងបណ្តាញជួញដូរគ្រឿងញៀន ដែលប្រតិបត្តិការឆ្លងកាត់ព្រំដែន។

ភាពជោគជ័យចុងក្រោយបំផុតនេះ បានកើតឡើង បន្ទាប់ពីប្រតិបត្តិការសន្តិសុខមួយ នៅថ្ងៃទី ០៥ ខែកុម្ភៈ ដែលបានកំណត់គោលដៅទៅលើបណ្តាញជួញដូរគ្រឿងញៀនអន្តរជាតិ ដែលអាជ្ញាធរស៊ីរី សហការជាមួយសមភាគីអ៊ីរ៉ាក់ បានរឹបអូសបានថ្នាំគ្រាប់ captagon ចំនួន ៣០០.០០០ គ្រាប់ និងចាប់ខ្លួនជនសង្ស័យពីរនាក់។
ចាប់តាំងពីការដួលរលំនៃរបបលោក អាសាដ នៅក្នុងប្រទេសស៊ីរី ក្នុងខែធ្នូ ឆ្នាំ ២០២៤ អាជ្ញាធរប្រឆាំងគ្រឿងញៀននៅទីនោះ និងនៅក្នុងប្រទេសអ៊ីរ៉ាក់ បានធ្វើប្រតិបត្តិការរួមគ្នាកាន់តែខ្លាំងឡើង ដើម្បី បង្ក្រាបបណ្តាញឧក្រិដ្ឋជនឆ្លងដែន៕
