លោក Rafael Grossi អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) កាលពីថ្ងៃពុធថា រុស្ស៊ី និងសហរដ្ឋអាមេរិក ត្រូវរក្សាកិច្ចពិភាក្សាអំពីការបង្កើតកិច្ចព្រមព្រៀងថ្មីៗ ក្នុងវិស័យគ្រប់គ្រងអាវុធនុយ ក្លេអ៊ែរ។
លោក Grossi បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទស្សនាវដ្តី Foreign Policy ដែលបានថតនៅខាងក្រៅសន្និសីទទីក្រុងមុយនិច នៅថ្ងៃទី១៣-១៥ ខែកុម្ភៈថា៖«ខ្ញុំមិនបានដឹងអំពីការពិភាក្សាទាំងនេះទេ ប៉ុន្តែខ្ញុំគិតថា សហរដ្ឋអាមេរិក និងរុស្ស៊ី កំពុងនិយាយគ្នាអំពីរឿងនេះ»។

ប្រធាន IAEA បានបន្ថែមថា៖«ដូច្នេះ ប្រហែលជាពុំត្រឹមត្រូវទាំងស្រុងទេ ក្នុងការនិយាយថា គ្មានអ្វីកើតឡើងនោះ។ មានការសន្ទនាមួយ ហើយជាការពិតណាស់ វាគួរតែត្រូវបានលើកកម្ពស់ និងគាំទ្រ»។
សន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី ដែលជាការរឹតបន្តឹងផ្នែកច្បាប់អន្តរជាតិចុងក្រោយ ទៅលើការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ បានផុតកំណត់នៅថ្ងៃទី ០៥ ខែកុម្ភៈ ដោយសារតែការស្ទាក់ស្ទើររបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបន្តវា។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើឲ្យធ្វើកិច្ចព្រមព្រៀង «កាន់តែប្រសើរ» ដែលនឹងរួមបញ្ចូលប្រទេសចិនផងដែរ។
ទីក្រុងមូស្គូបានស្នើឲ្យបន្តសុពលភាពនៃសន្ធិសញ្ញារយៈពេលមួយឆ្នាំទៀត បន្ទាប់ពីឯកសារនេះ ផុតកំណត់ ប៉ុន្តែមិនបានទទួលការឆ្លើយតបជាផ្លូវការពីទីក្រុងវ៉ាស៊ីនតោនចំពោះគំនិតផ្តួចផ្តើមនេះទេ។ ចំពោះប្រទេសចិនវិញ ទីក្រុងមូស្គូជឿជាក់ថា វាជាសិទ្ធិរបស់ទីក្រុងប៉េកាំងក្នុងការធ្វើការសម្រេចចិត្ត ហើយនឹងគោរពជម្រើសណាមួយដែលប្រទេសចិនធ្វើ៕
