បាល់ទាត់៖ ក្រុមកំពុងឡើងទម្រង់លេងខ្លាំង Barcelona បានបន្តដំណើរមិនចាញ់ ១២ប្រកួតជាប់គ្នាក្រោយយកឈ្នះនៅទឹកដី Real Madrid ៤-០ ក្នុងជំនួប El Clasico ក្របខណ្ឌអេស្ប៉ាញ La Liga។

Real Madrid ដែលយកឈ្នះ ៥ប្រកួតជាប់គ្នាមកហើយក្នុងជំនួប El Clasico នេះគ្មានអ្វីតបតរនឹង Barcelona ឡើយបន្ទាប់ពីអតីតខ្សែប្រយុទ្ធ Arsenal, Pierre-Emerick Aubemyang បើកការនាំមុខនៅនាទីទី២៩ មុនពេលដែល Ronald Araujo តែតបន្ថែមការនាំមុខ ២-០ ត្រឹមនាទីទី៣៨។ ចូលវគ្គទី ២ ក្រុមរបស់លោក Xavi បន្ថែមការនាំមុខពីរគ្រាប់ទៀតនៅនាទីទី ៤៧ ដោយ Ferran Torres និងគ្រាប់ទីពីររបស់ Aubameyang នៅនាទីទី ៥១។

ជ័យជំនះនេះបានធ្វើឱ្យ Barcelona បន្តមិនចាញ់ ១២ប្រកួតជាប់គ្នាក្រោមការដឹកនាំរបស់លោក Xavi Hernandez ខណៈ Barcelona ឡើងមកលេខ៣ ក្នុងតារាងមាន ៥៤ពិន្ទុនៅសល់ ១ប្រកួតក្នុងដៃតាមពីក្រោយលេខ២ Sevilla ៣ពិន្ទុ និងតាមពីក្រោយ Real Madrid ១២ពិន្ទុ៕
អត្ថបទ៖នាង សុភាវុធ