ឯកសាររដ្ឋាភិបាលកុងហ្គោដែលត្រូវបានមើលឃើញដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ បង្ហាញថា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានបន្ថែមអណ្តូងរ៉ែកូលតាន Rubaya គ្រប់គ្រងដោយក្រុមឧទ្ទាម និងស្ថិតក្នុងចំណោមអណ្តូងរ៉ែសម្បូរសារធាតុ Tantalumបំផុតនៅលើពិភពលោកនោះ ចូលទៅក្នុងបញ្ជីខ្លីនៃទ្រព្យសកម្មយុទ្ធសាស្រ្តដែលពួកគេផ្តល់ជូនសហរដ្ឋអាមេរិក ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការរ៉ែ ។
មន្រ្តីកុងហ្គោជាន់ខ្ពស់មួយរូប និងមន្រ្តីការទូតសហរដ្ឋអាមេរិក បានបញ្ជាក់ពីការរួមបញ្ចូលអណ្តូងរ៉ែ Rubaya ទៅក្នុងបញ្ជីខ្លី ដែលត្រូវបានបង្ហាញនៅជំនួបកុងហ្គោ-សហរដ្ឋអាមេរិក ក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី ៥ ខែកុម្ភៈ ដើម្បីពន្លឿនភាពជាដៃគូរ៉ែយុទ្ធសាស្រ្តរបស់ពួកគេ ដែលត្រូវបានព្រមព្រៀងគ្នាកាលពីខែធ្នូ ឆ្នាំ ២០២៥កន្លងទៅ ។ ពួកគេបាននិយាយដោយមិនបញ្ចេញឈ្មោះ ពីព្រោះថា វាគឺជាបញ្ហារសើប ។

ចំណាត់ការខាងលើ នឹងធ្វើឲ្យអណ្តូងរ៉ែ Rubaya បើទោះបីជាស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាម M23គាំទ្រដោយរ្វ៉ាន់ដាក៏ដោយ ធ្លាក់ក្នុងគោលបំណងចង់បានរបស់ទីក្រុង Kinshasa ដើម្បីអូសទាញការវិនិយោគរបស់សហរដ្ឋអាមេរិកនៅតំបន់ភាគខាងកើតកុងហ្គោ ខណៈញាំញីដោយសារជម្លោះ ។
ឯកសារនិយាយថា កុងហ្គោប៉ាន់ប្រមាណថា អណ្តូងរ៉ែ Rubaya ត្រូវការថវិកាចន្លោះ ៥០លានដុល្លារ ដល់ ១៥០លានដុល្លារ ដើម្បីអាចចាប់ផ្តើមដំណើរការឡើងវិញ ក៏ដូចជាបង្កើនទិន្នផលពាណិជ្ជកម្ម ស្របពេលដែលតម្លៃរបស់វាថ្លៃខ្លាំង ដោយសារការកើនឡើងតម្រូវការសកលមសម្រាប់រ៉ែ Tantalum ។
សហរដ្ឋអាមេរិកចង់បានសិទ្ធិចូលប្រើប្រាស់ធនធានធម្មជាតិជាច្រើនប្រភេទ ស្របពេលដែលពួកគេខិតខំទប់ទល់នឹងការត្រួតត្រារបស់ចិននៅអាហ្វ្រិក និងបង្កើតឃ្លាំងស្តុកលោហធាតុសំខាន់យុទ្ធសាស្ត្ររបស់ខ្លួន ៕
