មន្ត្រីរុស្ស៊ីបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងរបស់ពួកគេ បានបំផ្លាញយានដ្រូនអ៊ុយក្រែនចំនួន ១១៣ គ្រឿងកាលពីយប់ថ្ងៃពុធ ដោយខ្លះបានកំណត់គោលដៅលើរោងចក្រចម្រាញ់ប្រេងមួយកន្លែង នៅភាគពាយ័ព្យ ដែលបានបណ្តាលឲ្យមានអគ្គិភ័យឆេះស៊ីទែនស្តុកប្រេង។

ភាគីទាំងពីរបានបញ្ចប់ការចរចារយៈពេលពីរថ្ងៃដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក នៅទីក្រុងហ្សឺណែវកាលពីថ្ងៃពុធ ដោយព្យាយាមស្វែងរកដំណោះស្រាយចំពោះសង្គ្រាមរយៈពេល ៤ឆ្នាំ នៅអ៊ុយក្រែន។
ភាគីទាំងពីរបានពិពណ៌នាអំពីកិច្ចប្រជុំនេះថា «ពិតជាពិបាក» ហើយមិនមានកិច្ចព្រមព្រៀងណាមួយ ត្រូវបានប្រកាសនោះទេ។
ក្រសួងការពារជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងពេលយប់ចាប់ពីថ្ងៃពុធដល់ថ្ងៃព្រហស្បតិ៍ កងកម្លាំងរុស្ស៊ី «បានស្ទាក់ចាប់ និងបំផ្លាញដ្រូនអ៊ុយក្រែនចំនួន ១១៣ គ្រឿង»៕
