រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ ( Sergey Lavrov) បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍ Al Arabiya កាលពីថ្ងៃពុធថា សន្តិភាព និងស្ថិរភាពនៅមជ្ឈិមបូព៌ា មិនអាចកើតឡើងទេ ប្រសិនគ្មានការបង្កើតរដ្ឋប៉ាឡេស្ទីន។
លោក ឡាវរ៉ូវ បានសង្កត់ធ្ងន់ថា៖«យើងជឿជាក់យ៉ាងមុតមាំថា នឹងមិនមានស្ថិរភាព ឬស្ងប់ស្ងាត់ នៅទីនោះ [ក្នុងតំបន់] ដោយគ្មានរដ្ឋប៉ាឡេស្ទីនទេ» ដោយធ្វើអត្ថាធិប្បាយអំពីសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu)ដែលថា «នឹងមិនមានរដ្ឋប៉ាឡេស្ទីនទេ»។

លោក ឡាវរ៉ូវ បានពន្យល់ថា អវត្តមាននៃរដ្ឋប៉ាឡេស្ទីន “នឹងបន្តជំរុញភាពជ្រុលនិយម» ដែលមិនស្ថិតនៅក្នុងផលប្រយោជន៍សន្តិសុខរបស់អ៊ីស្រាអែលទេ។
ប្រមុខការទូតរូបនេះ បានកត់សម្គាល់ថា ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវពីសហគមន៍អន្តរជាតិកុំឲ្យប្រើកម្លាំងប្រឆាំងនឹងជនស៊ីវិល នៅក្នុងតំបន់ហ្កាហ្សា មន្ត្រីអ៊ីស្រាអែលបាននិយាយដោយបើកចំហថា៖«គ្មានជនស៊ីវិលនៅទីនោះទេ»។
លោក ឡាវរ៉ូវ បានចង្អុលបង្ហាញថា៖«ប្រសិនមនុស្សគ្រប់គ្នានៅទីនោះ គឺជាភេរវករ នោះគឺចាប់ផ្តើមពីអាយុបីឆ្នាំ។ សេចក្តីថ្លែងការណ៍ទាំងនេះ គឺមិនគ្រប់គ្រាន់ និងមិនអាចទទួលយកបានទេ»៕
