នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ធ្វើជាម្ចាស់ផ្ទះជំនួបក្រុមប្រឹក្សាសន្តិភាពនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីប្រកាសកញ្ចប់ថវិកា ៥ពាន់លានដុល្លារ សម្រាប់តំបន់ហ្កាហ្សា ។
អ្នកនាំពាក្យសេតវិមានអ្នកស្រី Karoline Leavitt និយាយប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃពុធថា មេដឹកនាំមកពីប្រទេសជាង ២០ នឹងចូលរួមជំនួបមួយនេះ ។

អ្នកស្រីបន្តថា ប្រធានាធិបតីនឹងផ្តល់រឿងរ៉ាវលម្អិតលើកញ្ចប់ហិរញ្ញវត្ថុ ។ លោកនឹងប្រកាសថា រដ្ឋជាសមាជិក បានសន្យាផ្តល់ថវិកាជាង ៥ពាន់លានដុល្លារ ដល់កិច្ចខិតខំមនុស្សធម៌ និងការកសាងឡើងវិញនៅតំបន់ហ្កាហ្សា ហើយពួកគេបានប្តេជ្ញាចិត្តផ្តល់បុគ្គលិករាប់ពាន់នាក់ដល់កងកម្លាំងស្ថិរភាពអន្តរជាតិ និងនគរបាលក្នុងស្រុក ដើម្បីរក្សាសន្តិសុខ និងសន្តិភាពនៅតំបន់ហ្កាហ្សា ។
ជំនួបក្រុមប្រឹក្សាសន្តិភាពកើតមានឡើង បន្ទាប់ពីរដ្ឋបាលរបស់លោក Trump ដែលសហការជាមួយប្រទេសកាតា និងអេហ្ស៊ីប បានចរចាឲ្យមានបទឈប់បាញ់កាលពីខែតុលាឆ្នាំមុន ដើម្បីបញ្ឈប់សង្គ្រាមបំផ្លិចបំផ្លាញរយៈពេល ២ឆ្នាំ នៅតំបន់ហ្កាហ្សា។
សហរដ្ឋអាមេរិក លើកឡើងថា ផែនការនេះបច្ចុប្បន្ន បានចូលដល់ដំណាក់កាលទី២ ដោយផ្តោតលើការរំសាយអាវុធពីក្រុមហាម៉ាស ជាក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដែលការវាយប្រហារមិនធ្លាប់មានពីមុនរបស់ខ្លួន កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ លើអ៊ីស្រាអែល បង្កឲ្យមានការវាយលុកសងសឹកវិញ ៕
