នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យទីតាំងជាក់ស្តែងសម្រាប់ដំឡើងស្ថានីយរ៉ាដាតេជោសែនទី២ ដែលស្ថិតនៅលើភ្នំប្រសិទ្ធិ៍ ក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។
សូមជម្រាបថា គម្រោងសាងសង់ស្ថានីយរ៉ាដាថ្មីនេះ ត្រូវបានអនុវត្តក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ ការដំឡើងស្ថានីយរ៉ាដាប្រភេទ Doppler Radar នេះ មានសារៈសំខាន់ណាស់ក្នុងការផ្តល់ទិន្នន័យជាក់ស្តែង (Real-time) ដើម្បីបង្កើនប្រសិទ្ធភាពនៃការធ្វើព្យាករអាកាសធាតុ និងធាតុអាកាសឱ្យកាន់តែច្បាស់លាស់។
លើសពីនេះ វាក៏ជាឧបករណ៍ដ៏សំខាន់សម្រាប់គ្រប់គ្រងធនធានទឹក និងបម្រើដល់វិស័យពហុវិស័យដូចជា កសិកម្ម ឧស្សាហកម្ម ទេសចរណ៍ និងគមនាគមន៍ ជាពិសេសឆ្លើយតបទៅនឹងតម្រូវការចាំបាច់ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុសកល៕



