ភ្នំពេញ៖ គណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា (CHRC) បានជួបជាមួយអង្គភាពជនមានពិការភាព ដើម្បីពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំ និងប្រព្រឹត្តិទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា ក្នុងការទទួលមតិយោបល់នានា ដើម្បីឲ្យសេក្តីព្រាងច្បាប់នេះ កាន់តែល្អប្រសើរ ។
ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថា កិច្ចពិគ្រោះយោបល់ជាបន្តបន្ទាប់ ដើម្បីធ្វើឲ្យសេចក្តីព្រាងច្បាប់នេះ ពេលដាក់ចេញទៅឲ្យមានតម្លាភាព និងទទួលយកពីគ្រប់ស្ថាប័នទាំងអស់ ខណៈកិច្ចពិគ្រោះយោបល់នេះ ស្ថិតក្នុងគោលការនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ។
ឯកឧត្តម បន្តថា នៅពេលកម្ពុជាបង្កើនស្ថាប័នសិទ្ធិមនុស្សជាតិនេះហើយ មិនមែនត្រូវជិះសេះលែងដៃនោះទេ គឺមានការវាយតម្លៃពីអង្គការសមាគម នៃស្ថាប័នសិទ្ធិមនុស្សជាតិនេះទៀត ហើយបើគេវាយតម្លៃឃើញល្អ នឹងឈរលើគោលការណ៍ទីក្រុងប៉ារីស សំដៅទៅលើពហុនិយម។
ឯកឧត្តម កែវ រ៉េមី បានបញ្ជាក់ថា នេះលើកទី៦ ដែល CHRC បានជួបពិគ្រោះយោបល់ជាមួយ ដោយមានពិគ្រោះយោបល់ទាំងថ្នាក់តំបន់ និងស្ថាប័នជាច្រើនទៀត ហើយនឹងមានការចុះទៅដល់មូលដ្ឋានជួបជាមួយពលរដ្ឋតាមបណ្ដាខេត្ត រួមទាំងជួបគណបក្សនយោបាយ ដែលមិនមានអាសនៈនៅក្នុងរដ្ឋសភា ក្នុងការទទួលយកនូវទស្សនៈ មតិយោបល់ និងធាតុចូលផ្សេងៗ ដើម្បីឲ្យសេចក្តីព្រាងច្បាប់នេះ កាន់តែល្អប្រសើរ ។
គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ មានចំនួន៨ជំពូក និង៣២មាត្រា បង្កើតឡើងក្នុងគោលដៅ និងកំណត់អំពីការរៀបចំ និងការប្រព្រឹត្តិទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា ស្របតាមគោលការណ៍ទីក្រុងប៉ារីស ក្នុងគោលបំណង ដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ដោយអនុលោមតាមបទប្បញ្ញត្តិ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ធម្មនុញ្ញអង្គការសហប្រជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស កតិកាសញ្ញា អនុសញ្ញា និងលិខិតុបករណ៍អន្តរជាតិទាក់ទងនឹងសិទ្ធិមនុស្ស ៕អត្ថបទ បាន សុខរិទ្ធិ