នៅថ្ងៃព្រហស្បតិ៍ (ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦) រដ្ឋមន្ត្រីក្រសួងថាមពលសហរដ្ឋអាមេរិក លោក Chris Wright បានលើកឡើងម្ដងទៀតនូវការគំរាមរបស់លោក ក្នុងការដកខ្លួនចេញពីទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ដោយនិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងដាក់សម្ពាធលើអង្គការនេះឲ្យបោះបង់ចោលរបៀបវារៈការបំភាយសូន្យសុទ្ធ «ក្នុងរយៈពេល ១ឆ្នាំ ឬក្នុងរង្វង់ពេលវេលាប៉ុណ្ណឹង»។
អំឡុងពេលថ្លែងនៅថ្ងៃចុងក្រោយនៃកិច្ចប្រជុំរដ្ឋមន្ត្រី IEA ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង លោក Wright បាននិយាយថា ទីភ្នាក់ងារអាយុកាល ៥២ឆ្នាំមួយនេះ គួរតែត្រលប់ទៅបេសកកម្មដើមដំបូងរបស់ខ្លួនវិញ ដើម្បីធានាសន្តិសុខថាមពល។

IEA ត្រូវបានបង្កើតឡើង ដើម្បីសម្របសម្រួលការឆ្លើយតបទៅនឹងការរំខានដ៏ធំនៃការផ្គត់ផ្គង់ បន្ទាប់ពីមានវិបត្តិប្រេងឆ្នាំ១៩៧៣ ប៉ុន្តែលោក Wright បានត្អូញត្អែរថា ស្ថាប័ននេះបានអនុម័តរបៀបវារៈអាកាសធាតុដែលរួមមានគោលដៅនៃការឈានដល់ការបំភាយឧស្ម័នសូន្យសុទ្ធ នៅឆ្នាំ២០៥០។
លោក Wright បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ «សហរដ្ឋអាមេរិកនឹងប្រើប្រាស់សម្ពាធទាំងអស់ដែលយើងមាន ដើម្បីឲ្យនៅទីបំផុត ក្នុងរយៈពេល ១ឆ្នាំ ឬក្នុងរង្វង់ពេលវេលាប៉ុណ្ណឹង IEA លុបចោលរបៀបវារៈនេះ»។
លោកបានបន្ថែមថា៖ «ប៉ុន្តែប្រសិនបើ IEA មិនអាចនាំឲ្យខ្លួនឯងឲ្យត្រលប់ទៅផ្តោតលើបេសកកម្មនៃភាពគួរឲ្យជឿជាក់បានផ្នែកថាមពល លទ្ធភាពចូលប្រើប្រាស់ថាមពល និងសន្តិសុខថាមពលបានទេនោះ ជារឿងគួរសោកស្ដាយ យើងនឹងក្លាយជាអតីតសមាជិករបស់ IEA»៕
