ជនមូស្លីមនៅទីក្រុងហ្សាកាតា បានចាប់ផ្តើមខែពិសិដ្ឋរ៉ាម៉ាឌន ជាមួយនឹងពិធីបួងសួងល្ងាចថ្ងៃពុធ “Tarawih” នៅឯព្រះវិហារ Istiqlal ។
ស្របពេលដែលក្រុមគោរពបូជាជួបជុំគ្នា ពួកគេមួយចំនួនបានសម្តែងការព្រួយបារម្ភចំពោះការចូលរួមកាលពីពេលថ្មីៗរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ីនៅក្នុងក្រុមប្រឹក្សាសន្តិភាព ខណៈមនុស្សមួយចំនួនទៀត នៅតែមានសុទិដ្ឋិនិយមថា វានឹងមានសុខដុមរមនាក្នុងសប្តាហ៍ខាងមុខនេះ ។

ក្រសួងការបរទេសឥណ្ឌូនេស៊ីនិយាយថា ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Prabowo Subianto នឹងចូលរួមជំនួបមេដឹកនាំដំបូងនៃក្រុមប្រឹក្សាសន្តិភាពរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៅសហរដ្ឋអាមេរិកនាថ្ងៃព្រហស្បតិ៍នេះ ។
ខែបុណ្យពិសិដ្ឋបានចាប់ផ្តើមជាផ្លូវការនៅថ្ងៃព្រហស្បតិ៍នេះ សម្រាប់ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសមានជនមូស្លីមច្រើនជាងគេបំផុតនៅលើពិភពលោក ពោលគឺពលរដ្ឋ ៨៧ភាគរយក្នុងចំណោមពលរដ្ឋសរុប ២៨០លាននាក់ គឺជាជនមូស្លីម ។
លោក Nurkhid គឺជាជនមូស្លីមវ័យ ៥២ឆ្នាំមួយរូបរស់នៅក្នុងទីក្រុងហ្សាកាតា និយាយថា ខ្លួនលោកផ្ទាល់ លោកមិនដឹងថាឥណ្ឌូនេស៊ីចូលរួមក្រុមប្រឹក្សាសន្តិភាពនោះទេ ។
លោកបន្តថា ក្នុងនាមជាពលរដ្ឋ ពួកយើងមិនអាចជំទាស់បាននោះទេ ពួកយើងគ្រាន់តែសង្ឃឹមថា វានឹងល្អបំផុតសម្រាប់ជនប៉ាឡេស្ទីន និងសម្រាប់ឲ្យឥណ្ឌូនេស៊ីធ្វើការរួមគ្នា ឯកភាពគ្នា និងមេត្តាករុណា ៕
