លោកនាយករដ្ឋមន្រ្តី Donald Tusk និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រជាពលរដ្ឋប៉ូឡូញនៅអ៊ីរ៉ង់ គួរតែចាកចេញជាបន្ទាន់ ដោយរូបលោកព្រមានថា ដោយសារលទ្ធភាពនៃជម្លោះប្រដាប់អាវុធ ការជម្លៀសខ្លួនអាចនឹងមិនអាចធ្វើបានក្នុងរយៈពេលប៉ុន្មានម៉ោងទៀត ។ លោកថា ក្នុងរយៈពេលប៉ុន្មានម៉ោងទៀតនេះ លទ្ធភាពនៃការជម្លៀសខ្លួន អាចនឹងផុតពីកណ្តាប់ដៃ ។
មន្រ្តីជាន់ខ្ពស់មួយរូបរបស់សហរដ្ឋអាមេរិក និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃពុធថា អ៊ីរ៉ង់ត្រូវបានគេរំពឹងទុកថា នឹងដាក់សំណើជាលាយលក្ខ័ណអក្សរលើវិធីសាស្រ្តដោះស្រាយភាពទាល់ច្រករបស់ពួកគេជាមួយសហរដ្ឋអាមេរិក ស្របពេលមានជំនួបសហរដ្ឋអាមេរិក-អ៊ីរ៉ង់នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ។
មន្រ្តីរូបនោះនិយាយថា កាលពីពុធម្សិលមិញ ក្រុមទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកជួបប្រជុំនៅសេតវិមាន ដើម្បីពិភាក្សាពីបញ្ហាអ៊ីរ៉ង់ ហើយពួកគេនិយាយថា កងកម្លាំងយោធាសហរដ្ឋអាមេរិកដែលត្រូវបានដាក់ពង្រាយទៅកាន់តំបន់នោះ នឹងត្រៀមខ្លួនរួចនៅពាក់កណ្តាលខែមីនា ។
លោកបន្តថា រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio នឹងជួបជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu នៅថ្ងៃទី ២៨ ខែកុម្ភៈ ដើម្បីពិភាក្សាលើបញ្ហាអ៊ីរ៉ង់ ៕