រដ្ឋាភិបាលចាំផ្ទះប៊ុលហ្គារីដឹកនាំដោយទេសាភិបាលរងធនាគារជាតិប៊ុលហ្គារី គឺលោក Andrey Gyurov បានចាប់ផ្ដើមចូលកាន់តំណែងនៅថ្ងៃព្រហស្បតិ៍ (ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦) ហើយបានសន្យាថា នឹងធានាស្ថានភាព ដើម្បីឲ្យមានការបោះឆ្នោតដោយយុត្តិធម៌ នៅថ្ងៃទី១៩ ខែមេសា។
រដ្ឋាភិបាលមុន បានលាលែងពីតំណែងកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីមានការតវ៉ាតាមដងផ្លូវអស់រយៈពេលជាច្រើនសប្តាហ៍ ជុំវិញការបរាជ័យ ក្នុងការដោះស្រាយអំពើពុករលួយ និងការដំឡើងពន្ធដែលគាំទ្រដល់ការចំណាយរបស់រដ្ឋកាន់តែខ្ពស់។
លោក Stoil Tsitselkov សមាជិកក្រុមប្រឹក្សាសាធារណៈនៃគណៈកម្មការបោះឆ្នោតកណ្តាល ត្រូវបានតែងតាំងជារដ្ឋមន្ត្រី ដើម្បីការបោះឆ្នោតដោយយុត្តិធម៌ ដែលជាតំណែងដំបូងគេបង្អស់នៅក្នុងរដ្ឋាភិបាលប៊ុលហ្គារី។
បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយគណបក្សនយោបាយនានា លោកស្រីប្រធានាធិបតី Iliana Iotova បានតែងតាំងលោក Gyurov ជានាយករដ្ឋមន្ត្រីចាំផ្ទះ និងបានកំណត់ថ្ងៃទី១៩ ខែមេសា ជាកាលបរិច្ឆេទសម្រាប់ការបោះឆ្នោតសភា ដែលជាដំណើរការលើកទី៨ ក្នុងរយៈពេល ៥ឆ្នាំ។
លោក Gyurov បានប្រាប់សមាជិកសភាថា៖ «យើងនឹងទទួលយកបញ្ហាប្រឈម ក្នុងការគ្រប់គ្រងប្រទេសរហូតដល់ការបោះឆ្នោតជ្រើសរើសគណៈរដ្ឋមន្ត្រីធម្មតាកើតឡើង»។ លោកបានសង្កត់ធ្ងន់ថា៖ «ក្រៅពីការបោះឆ្នោតដោយយុត្តិធម៌ យើងនឹងធ្វើការលើបញ្ហាសំខាន់ៗរបស់រដ្ឋាភិបាល។ យើងនឹងរៀបចំថវិកាបន្ថែមថ្មី និងមូលដ្ឋាននៃថវិកាឆ្នាំ២០២៦»។
គួរបញ្ជាក់ថា ប្រទេសប៊ុលហ្គារី ដែលបានចូលរួមជាមួយតំបន់ចាយប្រាក់អឺរ៉ូនៅថ្ងៃទី១ ខែមករា បានប្រឈមនឹងអស្ថិរភាពនយោបាយយូរអង្វែង ដោយគណបក្សនានាមិនអាចបង្កើតសម្ព័ន្ធភាពកាន់អំណាចដែលមានស្ថិរភាពនៅក្នុងសភាដែលបែកបាក់៕