រូបភាពផ្កាយរណបទើបបញ្ចេញថ្មីឃើញថា កាលពីពេលថ្មីៗនេះ អ៊ីរ៉ង់បានសាងសង់ខែលបេតុងនៅទីតាំងថ្មីក្នុងមូលដ្ឋានយោធាដ៏រសើប ហើយនិងយកដីគ្របលើវា ជំរុញការងារនៅទីតាំងដែលគេរាយការណ៍ថា បានរងការទម្លាក់គ្រាប់បែកពីអ៊ីស្រាអែលកាលពីឆ្នាំ ២០២៤ ស្របពេលភាពតានតឹងកើនឡើងជាមួយសហរដ្ឋអាមេរិក និងការគំរាមឈានទៅរកការផ្ទុះសង្រ្គាមក្នុងតំបន់ ។
រូបភាពផ្កាយរណបនេះ ឃើញអ៊ីរ៉ង់កប់ដីច្រកចូលផ្លូវរូងក្រោមដីនៅទីតាំងនុយក្លេអ៊ែរដែលត្រូវបានទម្លាក់គ្រាប់បែកដោយទីក្រុងវ៉ាស៊ីនតោន អំឡុងសង្រ្គាមរយៈពេល ១២ថ្ងៃរបស់អ៊ីស្រាអែលជាមួយអ៊ីរ៉ង់កាលពីឆ្នាំមុន ដែលសហរដ្ឋអាមេរិកបានចូលរួមតំណាងឲ្យអ៊ីស្រាអែល ហើយនិងបានជួសជុលមូលដ្ឋានមីស៊ីលដែលរងការវាយប្រហារនៅក្នុងជម្លោះ ។
រូបភាពនេះត្រូវបានបង្ហាញ ស្របពេលដែលប្រទេសក្នុងតំបន់ និងនៅទូទាំងពិភពលោក តាមដានដោយយកចិត្តទុកដាក់ទិដ្ឋភាពនៃការកើនឡើងភាពតានតឹង ។
នៅថ្ងៃព្រហស្បតិ៍នេះដែរ លោកនាយករដ្ឋមន្រ្តី Donald Tusk និយាយថា ប្រជាពលរដ្ឋប៉ូឡូញនៅអ៊ីរ៉ង់ គួរតែចាកចេញជាបន្ទាន់ ដោយរូបលោកព្រមានថា ដោយសារលទ្ធភាពនៃជម្លោះប្រដាប់អាវុធ ការជម្លៀសខ្លួនអាចនឹងមិនអាចធ្វើបានក្នុងរយៈពេលប៉ុន្មានម៉ោងទៀត ។ លោកថា ក្នុងរយៈពេលប៉ុន្មានម៉ោងទៀតនេះ លទ្ធភាពនៃការជម្លៀសខ្លួន អាចនឹងផុតពីកណ្តាប់ដៃ ។
មន្រ្តីជាន់ខ្ពស់មួយរូបរបស់សហរដ្ឋអាមេរិក និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃពុធថា អ៊ីរ៉ង់ត្រូវបានគេរំពឹងទុកថា នឹងដាក់សំណើជាលាយលក្ខ័ណអក្សរលើវិធីសាស្រ្តដោះស្រាយភាពទាល់ច្រករបស់ពួកគេជាមួយសហរដ្ឋអាមេរិក ស្របពេលមានជំនួបសហរដ្ឋអាមេរិក-អ៊ីរ៉ង់នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ៕