ក្រុមអ្នកជំនាញគាំទ្រដោយអង្គការសហប្រជាជាតិ(UN) បាននិយាយថា កងកម្លាំងគំាទ្ររហ័ស(RSF) បានបើកយុទ្ធនាការបំផ្លិចបំផ្លាញប្រឆាំងសហគមន៍មិនមែនអារ៉ាប់នៅក្នុង និងជុំវិញទីក្រុង El-Fasher ដែលជាសញ្ញាមួយ បង្ហាញពីអំពើប្រល័យពូជសាសន៍នៅក្នុងប្រទេសស៊ូដង់ ។
ទីក្រុង El-Fasher គឺជាតំបន់កាន់កាប់ចុងក្រោយគេរបស់កងទ័ពស៊ូដង់នៅក្នុងតំបន់ Darfur ស្ថិតនៅភាគខាងលិចប្រទេស រហូតដល់ទីក្រុងមួយនេះ ធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់កងកម្លាំង RSF កាលពីចុងខែតុលា ឆ្នាំមុន ។ ភាគីទាំង ២ កំពុងប្រយុទ្ធនៅក្នុងសង្រ្គាមស៊ីវិលដ៏ឃោឃៅ ចាប់តាំងពីខែមេសា ឆ្នាំ ២០២៣រហូតមក ។
ក្នុងរបាយការណ៍ថ្មីនៅថ្ងៃព្រហស្បតិ៍នេះ បេសកកម្មស្វែងរកការពិតអន្តរជាតិឯករាជ្យនៅស៊ូដង់ និយាយថា យុទ្ធជនកងកម្លាំង RSF ជាអ្នកនៅពីក្រោយអំពើឃោឃៅ ក្រោយការឡោមព័ទ្ធអស់រយៈពេល ១៨ខែលើទីក្រុង El-Fasher អំឡុងពេលដែលពួកគេដាក់លក្ខខណ្ឌឲ្យកម្ទេចចោលសហគមន៍មិនមែនជាអារ៉ាប់ ជាពិសេសសហគមន៍ Zaghawa និងសហគមន៍ Fur ។
លោក Mohamed Chande Othman គឺជាប្រធានបេសកកម្មនេះ និយាយថា ទំហំនៃការបំផ្លិចបំផ្លាញរបស់ក្រុមថ្នាក់ដឹកនាំកងកម្លាំង RSF បញ្ជាក់ថា ឧក្រិដ្ឋកម្មត្រូវបានប្រព្រឹត្តនៅក្នុង និងជុំវិញទីក្រុង El-Fasher មិនមែនជាសង្រ្គាមដោយចៃដន្យនោះទេ ៕