លោកនាយករដ្ឋមន្ត្រី Donald Tusk បាននិយាយនៅថ្ងៃព្រហស្បតិ៍ (ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦) នេះថា ការដកខ្លួនរបស់ប្រទេសប៉ូឡូញចេញពីអនុសញ្ញាអូតាវ៉ា (Ottawa Convention) មានន័យថា ខ្លួននឹងអាចដាក់មីនប្រឆាំងមនុស្សតាមបណ្តោយព្រំដែនភាគខាងកើតបាន ក្នុងរង្វង់រយៈពេល ៤៨ម៉ោង ប្រសិនបើមានការគំរាមកំហែងកើតឡើង ដោយការលើកឡើងនេះ កើតមានតែបន្តិចមុនពេលដំណើរការដកខ្លួនចូលជាធរមាន។
ខណៈដែលប្រទេសជិតខាងអឺរ៉ុបភាគច្រើនរបស់រុស្ស៊ី លើកលែងតែន័រវ៉ែស កំពុងមានចំណាត់ការចាកចេញពីសន្ធិសញ្ញាដែលហាមឃាត់ការផលិត និងការប្រើប្រាស់មីនប្រឆាំងមនុស្សនេះ ប៉ូឡូញមានគម្រោងដាក់ពង្រាយវាជាផ្នែកមួយនៃគម្រោង «East Shield» របស់ខ្លួន ដើម្បីធានាព្រំដែនរបស់ខ្លួនជាមួយបេឡារុស និងតំបន់ Kaliningrad របស់រុស្ស៊ី។
លោក Tusk បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «យើងកំពុងស្ថិតក្នុងដំណើរការបញ្ចប់គម្រោងមីននេះ ដែលមានសារៈសំខាន់ សម្រាប់សន្តិសុខរបស់យើង ពោលគឺសម្រាប់សន្តិសុខនៃទឹកដី និងព្រំដែនរបស់យើង»។
កាលពីខែធ្នូឆ្នាំមុន អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Pawel Zalewski បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ទីក្រុងវ៉ាសូវីនឹងចាប់ផ្ដើមផលិតឡើងវិញនូវមីនប្រឆាំងមនុស្សជាលើកដំបូង ចាប់តាំងពីសង្គ្រាមត្រជាក់ ដើម្បីដាក់ពង្រាយវានៅតាមព្រំដែនភាគខាងកើតរបស់ខ្លួន ហើយអាចនឹងនាំចេញទៅអ៊ុយក្រែន។
គួរបញ្ជាក់ថា ប្រទេសប៉ូឡូញបានចាប់ផ្តើមដំណើរការនៃការដកខ្លួនចេញពីអនុសញ្ញាអូតាវ៉ា នៅក្នុងខែសីហា ឆ្នាំ២០២៥ ហើយនឹងចាកចេញពីសន្ធិសញ្ញាជាផ្លូវការ ក្រោយរយៈពេលនៃការដកខ្លួន ៦ខែ ដែលត្រូវបញ្ចប់នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦៕