រយៈពេល ៤ឆ្នាំ ក្រោយគ្រោះរាំងស្ងួតជាប់កំណត់ត្រាវាយប្រហារតំបន់ភាគខាងជើងកេនយ៉ា ភ្លៀងលែងធ្លាក់បណ្តាលឲ្យកើតមានភាពអត់ឃ្លានម្តងទៀត ក្នុងនោះការកាត់បន្ថយជំនួយបានបង្ខំឲ្យទីភ្នាក់ងារជាច្រើន បន្ធូរបន្ថយកិច្ចខិតខំប្រឹងប្រែងជួយសង្រ្គោះរបស់ពួកគេ ។
នៅក្នុងវាលទំនាបគ្មានជីជាតិមួយកន្លែងស្ថិតក្នុងស្រុក Turkana លោកយាយ Echakan Amaja អាយុ ៧៥ឆ្នាំ អង្គុយនៅក្រៅខ្ទមធ្វើពីភក់របស់គាត់ស្ថិតក្នុងភូមិ Loperot រស់រានអាស្រ័យនឹងផ្លែឈើ និងចំណែកជំនួយតិចតួចដែលគាត់ទទួលបាន ។
ការលំបាកគ្រួសាររបស់គាត់ បានកើនឡើង ក្រោយកូនប្រុសរបស់គាត់ ត្រូវបានសម្លាប់កាលពី កន្លះខែមុន នៅក្នុងការវាយឆ្មក់លើគោ-ក្របី ពេលដែលរូបគេគ្វាលសត្វ ។ សត្វចិញ្ចឹមទាំងអស់របស់ពួកគេ ត្រូវបានចោរលួចអស់នៅក្នុងការវាយឆ្មក់នោះ ។
លោកយាយ Amaja និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ពេលដែលសត្វចិញ្ចឹមរបស់គាត់ត្រូវបានចោរលួចយកទៅអស់ ចៅរបស់គាត់ទាំងអស់ បានត្រឡប់មកផ្ទះវិញ ។ លោកយាយបន្តថា ឥឡូវគាត់ត្រូវចិញ្ចឹមកូនស្រី ៥នាក់ និងចៅ ៧នាក់ ។
អាជ្ញាធរគ្រប់គ្រងគ្រោះរាំងស្ងួតជាតិកេនយ៉ា និយាយកាលពីខែធ្នូរ ឆ្នាំមុនថា ស្រុកជាង ៩នៅក្នុងប្រទេសមួយនេះ ភាគច្រើននៅតំបន់ភាគខាងកើត និងតំបន់ភាគខាងជើង កំពុងប្រឈមនឹងស្ថានភាពគ្រោះរាំងស្ងួតកើនឡើង ដែលអាចធ្វើឲ្យប៉ះពាល់យ៉ាងឆាប់រហ័សដល់សន្តិសុខស្បៀង ទឹកប្រើប្រាស់ និងវាលស្មៅ ។
ទីភ្នាក់ងារនេះ បានព្រមានផងដែរថា គ្រោះរាំងស្ងួត បានក្លាយជាការប្រកួតប្រជែងកើនឡើងសម្រាប់ធនធាន និងបង្កហានិភ័យនៃជម្លោះហិង្សា ពេលដែលវិបត្តិរីករាលដាលដល់តំបន់ដែលកាលពីមុនពុំធ្លាប់ប្រឈមស្ថានភាពបែបនេះ ៕