រដ្ឋមន្ត្រីក្រសួងការពារជាតិប៉ូឡូញ លោក Wladyslaw Kosiniak-Kamysz បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (ថ្ងៃទី១៩ ខែកុម្ភៈ) ថា សម្ព័ន្ធមិត្តអឺរ៉ុប ជាពិសេសប្រទេសអ៊ីតាលី បារាំង និងអេស្ប៉ាញ ចាំបាច់ត្រូវវិនិយោគបន្ថែមទៀតលើសន្តិសុខរួមរបស់ពួកគេ។

លោក Kosiniak-Kamysz បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា «ខ្ញុំចង់ឱ្យប្រទេសអេស្ប៉ាញយកចិត្តទុកដាក់ចំពោះការអំពាវនាវនេះ ខ្ញុំចង់ឱ្យប្រទេសអ៊ីតាលី និងបារាំង ពិចារណាកាន់តែខ្លាំងជុំវិញការអំពាវនាវនេះដើម្បីបង្កើនការចំណាយលើវិស័យការពារជាតិ ខណៈប្រទេសប៉ូឡូញ អាល្លឺម៉ង់ និងបណ្តាប្រទេសអឺរ៉ុបខាងជើងផ្សេងទៀតបានធ្វើ»។

លោកបាននិយាយបន្ថែមថា «អឺរ៉ុបវិនិយោគកាន់តែច្រើន អាមេរិកនឹងប្រព្រឹត្តចំពោះយើងកានតែម៉ឺងម៉ាត់ និងកាន់តែគោរពនៅក្នុងវិស័យទាំងនេះ»។ សមាជិកណាតូនិងសហភាពអឺរ៉ុប ដែលមានព្រំដែនជាប់ប្រទេសរុស្ស៊ី និងសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួនគឺបេឡារុស បានបង្កើនការចំណាយលើវិស័យការពារជាតិយ៉ាងច្រើនចាប់តាំងពីការឈ្លានពានលើអ៊ុយក្រែនឆ្នាំ២០២២។ ក្នុងកិច្ចប្រជុំកំពូលមួយកាលពីឆ្នាំមុន សមាជិកណាតូ បានព្រមព្រៀងបង្កើនការចំណាយលើវិស័យការពារជាតិពី ២ភាគរយទៅ៥ភាគរយនៅឆ្នាំ ២០៣៥។ ប្រទេសបារាំងបានចំណាយ ២,០៥ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួនលើវិស័យការពារជាតិនៅឆ្នាំ ២០២៥ លើសពីគោលដៅចាស់របស់ណាតូ ខណៈប្រទេសអ៊ីតាលីបានចំណាយ ២,០១ ភាគរយ និងអេស្ប៉ាញ ២ ភាគរយ។ រដ្ឋមន្ត្រីប្រទេសប៉ូឡូញ បានសង្កត់ធ្ងន់នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន AFP ដែលត្រូវបានធ្វើឡើងរួមគ្នាជាមួយទីភ្នាក់ងារអាល្លឺម៉ង់ DPA និងទីភ្នាក់ងារប៉ូឡូញ PAP ថា «វានៅតែតិចតួចខ្លាំង។ យើងត្រូវធ្វើបន្ថែមទៀត លឿនជាងមុន និងខ្លាំងជាងមុន»។
នៅថ្ងៃសុក្រនេះ រដ្ឋមន្ត្រីការពារជាតិប៉ូឡូញនឹងទទួលជួបសមភាគីបារាំង អ៊ីតាលី អាល្លឺម៉ង់ និងអង់គ្លេសរបស់លោក ព្រមទាំងប្រមុខការទូតអឺរ៉ុប លោកស្រី Kaja Kallas នៅទីក្រុង Krakow ភាគខាងត្បូងប្រទេសប៉ូឡូញ។