ឥណ្ឌូនេស៊ី និយាយនៅថ្ងៃសុក្រ ២០កុម្ភៈនេះថា ឥណ្ឌូនេស៊ីនិងសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មទៅវិញទៅមក ដោយទីក្រុងវ៉ាស៊ីនតោនរក្សាពន្ធ ១៩ %ដែលខ្លួនបានព្រមព្រៀងកាលពីកន្លងទៅសម្រាប់ទំនិញដែលនាំចេញដោយប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដោយរដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ី លោក Airlangga Hartarto និងតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Jamieson Greer បានកើតឡើងបន្ទាប់ពីការចរចាអស់រយៈពេលជាច្រើនខែ ក្រោយទីក្រុងវ៉ាស៊ីនតោនកាលពីឆ្នាំមុនបានយល់ព្រមបន្ថយពន្ធលើការនាំចេញរបស់ឥណ្ឌូនេស៊ីទៅកាន់អាមេរិកមកត្រឹម១៩% ធ្លាក់ចុះពីអត្រាដំបូង ៣២%។
លោក Airlangga បាននិយាយពីទីក្រុងវ៉ាស៊ីនតោនក្នុងអំឡុងពេលសន្និសីទសារព័ត៌មានតាមអ៊ីនធឺណិតជាមួយប្រព័ន្ធផ្សព្វផ្សាយឥណ្ឌូនេស៊ីថា កិច្ចព្រមព្រៀងនេះគោរពអធិបតេយ្យភាពរបស់ប្រទេសទាំងពីរ ដោយហៅកិច្ចព្រមព្រៀងនេះថាជា យុទ្ធសាស្ត្រ «ឈ្នះ-ឈ្នះ» សម្រាប់ប្រទេសទាំងពីរ។
រដ្ឋាភិបាលទីក្រុងហ្សាការតា បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា កាហ្វេ សូកូឡា កៅស៊ូធម្មជាតិ និងគ្រឿងទេសរបស់ឥណ្ឌូនេស៊ីនឹងមិនជាប់ពន្ធទេ ដោយបន្ថែមថា ខ្លួនក៏អាចទទួលបានការលើកលែងពន្ធសម្រាប់ទំនិញជិត១.៧០០មុខផ្សេងទៀត រួមទាំងផលិតផលនាំចេញសំខាន់របស់ខ្លួនគឺប្រេងដូងផងដែរ។
យោងតាមព័ត៌មានរបស់សេតវិមានអំពីកិច្ចព្រមព្រៀងនេះ ប្រទេសឥណ្ឌូនេស៊ីនឹងលុបបំបាត់របាំងពន្ធលើផលិតផលភាគច្រើនរបស់សហរដ្ឋអាមេរិកនៅទូទាំងគ្រប់វិស័យទាំងអស់ និងដោះស្រាយរបាំងមិនមែនពន្ធជាច្រើនដូចជាតម្រូវការសំខាន់ៗក្នុងស្រុក។ ប្រទេសនេះក៏នឹងទទួលយកស្តង់ដារផលិតផលរបស់សហរដ្ឋអាមេរិកលើសុវត្ថិភាពយានយន្ត ការបំភាយឧស្ម័ន ឧបករណ៍វេជ្ជសាស្ត្រ និងឱសថផងដែរ៕

