សម្ព័ន្ធយោធាណាតូ បានបន្តសមយុទ្ធ Steadfast Dart 26 របស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ខណៈទាហានប្រហែល៣៥០នាក់មកពីប្រទេសចំនួនប្រាំ បានអនុវត្តការប្រយុទ្ធការពារដែនដី ខណៈពួកគេក៏ត្រូវបានគាំទ្រពីដែនអាកាស និងដោយកាំភ្លើងធំ។

យោងតាមលោក Matthias Boehnke អ្នកនាំពាក្យសមយុទ្ធ «Steadfast Dart 26» និងជាអ្នកនាំពាក្យរបស់អង្គការណាតូ បាននិយាយថា សមយុទ្ធ «Steadfast Dart 26» គឺជាសមយុទ្ធធំបំផុតរបស់អង្គការណាតូនៅឆ្នាំនេះ មានបំណងអនុវត្តការដាក់ពង្រាយដែលគេហៅថាកងកម្លាំងប្រតិកម្មជាសម្ព័ន្ធមិត្ត។

បន្ថែមលើអង្គភាពមកពីកងកម្លាំងប្រដាប់អាវុធប្រទេសអាល្លឺម៉ង់ កងទ័ពមកពីប្រទេសអេស្ប៉ាញ អ៊ីតាលី សាធារណៈរដ្ឋឆែក និងប្រទេសទួរគីបានមកចូលរួមក្នុងសមយុទ្ធនេះនៅតំបន់ Bergen។ ទាហានសរុបប្រហែល ១០.០០០នាក់កំពុងចូលរួមក្នុងសមយុទ្ធទាំងមូល ដែលត្រូវបានគ្រោងទុកសម្រាប់រយៈពេលជាច្រើនខែ និងបន្តរហូតដល់ខែមីនា។
សមយុទ្ធ «Steadfast Dart 26» គឺជាសមយុទ្ធដាក់ពង្រាយកងកម្លាំងទ្រង់ទ្រាយធំលើកទីពីរដោយកងកម្លាំងឆ្លើយតបរហ័សរបស់អង្គការណាតូ។ នៅឆ្នាំ ២០២៥ ទាហានប្រហែល ១០.០០០ នាក់មកពីប្រទេសចំនួន ៩ បានហ្វឹកហាត់ការដាក់ពង្រាយទៅកាន់ស្លាបភាគអាគ្នេយ៍របស់ណាតូនៅក្នុងប្រទេស រ៉ូម៉ានី ប៊ុលហ្គារី និងប្រទេសក្រិក។