យោងតាមរបាយការណ៍ចារកម្មរបស់ប្រទេសកេនយ៉ាដែលបានបង្ហាញដល់សមាជិកសភា បានឲ្យដឹងថា ជនជាតិកេនយ៉ាជាង ១.០០០នាក់ ត្រូវបានជ្រើសរើសឱ្យចូលរួមប្រយុទ្ធនៅខាងភាគីរុស្ស៊ីក្នុងសង្គ្រាមនៅប្រទេសអ៊ុយក្រែន ដែលច្រើនជាងការប៉ាន់ស្មានរបស់អាជ្ញាធរដល់ទៅប្រាំដង។

ស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងណៃរ៉ូប៊ី បានបដិសេធកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងមូស្គូ ពុំមានជាប់ពាក់ព័ន្ធទៅនឹងការជ្រើសរើសជនជាតិកេនយ៉ាដោយខុសច្បាប់ឱ្យចូលប្រយុទ្ធនៅអ៊ុយក្រែននោះទេ ទោះបីជាខ្លួនបាននិយាយថា ពលរដ្ឋបរទេសអាចចូលរួមជាមួយកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនដោយស្ម័គ្រចិត្ត ក៏ដោយ។

ដោយអានរបាយការណ៍របស់អង្គភាពសេវាចារកម្មជាតិកេនយ៉ាទៅកាន់សមាជិកសភា មេដឹកនាំសំឡេងភាគច្រើនក្នុងសភា លោក Kimani Ichung'wah បានពិពណ៌នាអំពីបណ្តាញមន្ត្រីរដ្ឋដែលខ្លួនបាននិយាយថា បានឃុបឃិតជាមួយក្រុមជួញដូរមនុស្ស ដើម្បីជ្រើសរើសជនជាតិកេនយ៉ាឱ្យចូលប្រយុទ្ធក្នុងសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន។
អ្នកជ្រើសរើសបានកំណត់គោលដៅអតីតទាហាន និងមន្ត្រីនគរបាល ព្រមទាំងអ្នកអត់ការងារធ្វើ ដោយសន្យាថាពួកគេនឹងរកបានចំណូលប្រហែល ២.៧១៥ដុល្លារក្នុងមួយខែ និងទទួលបានប្រាក់រង្វាន់រហូតដល់៩.៣០៩ ដុល្លារ។
ក្រសួងការបរទេសកេនយ៉ា បាននិយាយកាលពីសប្តាហ៍មុនថា ជនជាតិកេនយ៉ាចំនួន ២៧ នាក់ត្រូវបានជួយសង្គ្រោះបន្ទាប់ពីជាប់ខ្លួននៅក្នុងប្រទេសរុស្ស៊ី។ រដ្ឋមន្ត្រីការបរទេសកេនយ៉ា លោក Musalia Mudavadi បាននិយាយថា លោកមានផែនការធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ីនៅខែក្រោយដើម្បីពិភាក្សាលើបញ្ហានេះ។