នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ថា ក្រុមហាម៉ាសនឹងត្រូវរំសាយអាវុធតាមមធ្យោបាយមួយ ឬមធ្យោបាយផ្សេងទៀត មុនពេលកសាងតំបន់ហ្កាហ្សាឡើងវិញ។

លោក Netanyahu បាននិយាយក្នុងពិធីប្រគល់សញ្ញាបត្រដល់មន្ត្រីយោធានៅភាគខាងត្បូងប្រទេសអ៊ីស្រាអែលថា «ឆាប់ៗនេះ ក្រុមហាម៉ាសនឹងប្រឈមទៅនឹងស្ថានការណ៍លំបាក ដោយរំសាយអាវុធតាមមធ្យោបាយងាយស្រួល ឬត្រូវទម្លាក់អាវុធតាមមធ្យោបាយដ៏លំបាក»។ «ក្រុមនេះរំសាយអាវុធ នោះតំបន់ហ្កាហ្សានឹងលែងមានគំរាមកំហែងដល់អ៊ីស្រាអែលទៀតហើយ»។
លោក Netanyahu បាននិយាយខណៈប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានកោះប្រជុំក្រុមប្រឹក្សាសន្តិភាពលើកដំបូងរបស់លោកនៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍។
នៅក្នុងកិច្ចប្រជុំនោះ លោក Trump បាននិយាយថា ថវិកាចំនួន៧ពាន់លានដុល្លារត្រូវបានរួមចំណែកទៅក្នុងមូលនិធិកសាងតំបន់ហ្កាហ្សាឡើងវិញ នៅពេលដែលក្រុមហាម៉ាសរំសាយអាវុធ ជាគោលបំណងមួយដែលនៅឆ្ងាយពីការក្លាយជាការពិត។
ក្រុមហាម៉ាស ដែលមានការព្រួយបារម្ភចំពោះការសងសឹករបស់អ៊ីស្រាអែល មានភាពស្ទាក់ស្ទើរក្នុងការប្រគល់អាវុធជាផ្នែកមួយនៃផែនការ២០ចំណុចរបស់លោក Trump នៅតំបន់ហ្កាហ្សា ដែលបាននាំមកនូវបទឈប់បាញ់ដ៏ផុយស្រួយ កាលពីខែតុលាឆ្នាំមុន នៅក្នុងសង្គ្រាមតំបន់ហ្កាហ្សារយៈពេលពីរឆ្នាំមកនេះ។

