រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់មួយកាលពីថ្ងៃព្រហស្បតិ៍១៩កុម្ភៈសប្ដាហ៍នេះ ក្នុងកិច្ចប្រជុំបើកមុខក្រុមប្រឹក្សាសន្តិភាពរបស់លោកប្រធានាធិបតី Donald Trump ដោយប្រកាសថា «គ្មានផែនការ B សម្រាប់តំបន់ហ្កាហ្សាទេ» ហើយការបរាជ័យនឹងមានន័យថាជាការវិលត្រឡប់ទៅរកសង្គ្រាមវិញ។

ថ្លែងទៅកាន់បណ្ដាថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់មកពីជាង ៤០ ប្រទេសដែលបានជួបជុំគ្នានៅទីក្រុងវ៉ាស៊ីនតោន លោក Rubio បានស្វែងរកការគាំទ្រសម្រាប់ការឈប់បាញ់ដ៏ផុយស្រួយ និងរបៀបវារៈកសាងឡើងវិញដ៏មានមហិច្ឆតា។
លោក Rubio បានថ្លែងថា ពួកលោកត្រូវតែធ្វើបញ្ហានេះឲ្យបានត្រឹមត្រូវ។ គ្មានផែនការ B សម្រាប់តំបន់ហ្កាហ្សាទេ។ ផែនការ B នឹងក្លាយជាការវិលត្រលប់ទៅរកសង្គ្រាមវិញ។ គ្មាននរណាម្នាក់នៅទីនេះចង់ឲ្យរឿងនោះឡើយ។
លោកបានបន្ថែមថា ផែនការ A ដែលជាមាគ៌ាតែមួយគត់ឆ្ពោះទៅមុខ គឺផែនការមួយដែលកសាងតំបន់ហ្កាហ្សាឡើងវិញ តាមរបៀបនៃសន្តិភាពដ៏ស្ថិតស្ថេរ និងប្រកបដោយចីរភាព ជាកន្លែងដែលមនុស្សគ្រប់គ្នាអាចរស់នៅទីនោះ នៅក្បែរគ្នា ហើយលែងបារម្ភអំពីការវិលត្រឡប់ទៅរកជម្លោះ សង្គ្រាម ទុក្ខវេទនារបស់មនុស្ស និងការបំផ្លិចបំផ្លាញទៀតហើយ។
កិច្ចព្រមព្រៀងឈប់បាញ់ដែលគាំទ្រដោយសហរដ្ឋអាមេរិក ត្រូវបានដាក់ឱ្យដំណើរការក្នុងដែនដីហ្កាហ្សាចាប់តាំងពីថ្ងៃទី១០ ខែតុលា ២០២៥ ដោយបញ្ឈប់ការវាយប្រហាររយៈពេលពីរឆ្នាំរបស់អ៊ីស្រាអែល ដែលបានឆក់យកជីវិតមនុស្សជាង ៧២.០០០នាក់ ភាគច្រើនជាស្ត្រី និងកុមារ និងរបួសជាង ១៧១.០០០នាក់ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ ជាពេលដែលក្រុមហាម៉ាសបានបើកការវាយប្រហារលើអ៊ីស្រាអែលសម្លាប់មនុស្សប្រមាណ១.២០០នាក់និងចាប់មនុស្សរាប់រយនាក់ជាចំណាប់ខ្មាំង៕


