កម្ពុជានាំចេញទំនិញសំខាន់ៗទៅកាន់បណ្តាប្រទេសអាស៊ានចំនួន៥ ក្នុងខែមករា ដើមឆ្នាំ២០២៦, មានទឹកប្រាក់សរុបជាង ៤៣៣ លានដុល្លារអាមេរិក ក្នុងនោះប្រទេសចំនួន៤ បានបន្តមានកំណើនល្អប្រសើរ ដែលបានជួយជ្រោមជ្រែងដល់នាំចេញរបស់កម្ពុជា។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញឱ្យដឹងថា សម្រាប់ខែដំបូងដើមឆ្នាំ២០២៦ ការធ្វើ ពាណិជ្ជកម្មនាំចេញទំនិញរបស់កម្ពុជា ទៅកាន់បណ្តាប្រទេសអាស៊ានចំនួន៥ មានទំហំទឹកប្រាក់សរុបប្រមាណជាង ៤៣៣ លាន ដុល្លារអាមេរិក ក្នុងនោះប្រទេសចំនួន ៤ បានជួយជ្រោមជ្រែងដល់នាំចេញរបស់កម្ពុជា ដោយបន្តមានកំណើនល្អប្រសើរ បើធៀបទៅ និងរយៈពេលដូចគ្នាឆ្នាំ២០២៥។
ជាក់ស្តែងក្នុងខែដំបូង ឆ្នាំនេះ, ការនាំចេញទំនិញរបស់កម្ពុជាទៅវៀតណាម មានទឹកប្រាក់ប្រមាណជាង ៣៣៧ លានដុល្លារ កើនឡើងជាង ២១ ភាគរយ, ម៉ាឡេស៊ីជិត ២២ លានដុល្លារ កើនជាង ៧៧ ភាគរយ, សឹង្ហបុរីជាង ៧ លានដុល្លារ កើនជិត ២០ ភាគរយ, ឥណ្ឌូនេស៊ីជិត ៧ លានដុល្លារ កើនជិត ៤ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥។ ដោយឡែកការនាំចេញទៅប្រទេសថៃ មានទឹកប្រាក់ជាង ៥៨លានដុល្លារ ថយចុះជិត ២០ ភាគរយ ក្រៅពីនេះកម្ពុជាក៏បាននាំចេញទៅកាន់បណ្តាប្រទេសអាស៊ាន ផ្សេងៗទៀតផងដែរ ដែលមិនទាន់មានទំហំពាណិជ្ជកម្មលេចធ្លោ។
ចំណែកការធ្វើពាណិជ្ជកម្មទ្វេភាគីវិញ, ក្នុងខែដំបូងនេះដែរ ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម មានទឹកប្រាក់ សរុបជិត ៧២០ លានដុល្លារ កើនជាង ៧ ភាគរយ, ថៃ ២០៩ លានដុល្លារ ថយចុះជាង ៤៣ ភាគរយ, សឹង្ហបុរី ១៧៤ លានដុល្លារ កើន ២២៤ ភាគរយ, ម៉ាឡេស៊ីជាង ១២៥ កើន ៤២ ភាគរយ និងការធ្វើពាណិជ្ជកម្មទ្វេភាគីជាមួយឥណ្ឌូនេស៊ី មានទឹកប្រាក់ជិត ៧៨ លានដុល្លារ ថយចុះ ១៩ ភាគរយ ធៀបទៅនិងរយៈពេលដូចគ្នាឆ្នាំ២០២៥៕ អត្ថបទ៖ សុន រ៉ាឌី
