កាសែត Wall Street Journal បានរាយការណ៍ថា ការប្រមូលផ្តុំអំណាចផ្លូវអាកាសរបស់សហរដ្ឋអាមេរិក នៅមជ្ឈិមបូព៌ា ពេលបច្ចុប្បន្ននេះ គឺស្ថិតក្នុងកម្រិតដ៏ធំបំផុតមិនធ្លាប់មាន ចាប់តាំងពីសកម្មភាពយោធាមួយដែលគេឱ្យឈ្មោះថា ការឈ្លានពានឆ្នាំ២០០៣ ដែលបានចាប់ផ្តើមសង្គ្រាមអ៊ីរ៉ាក់។

គួររម្លឹកថា ការឈ្លានពាននោះ បានបើកឱ្យមានសង្គ្រាមដ៏បំផ្លិចបំផ្លាញអស់ជាង ៨ឆ្នាំ ហើយបានចាប់ផ្តើមជាមួយនឹងអ្វីដែលហៅថា យុទ្ធនាការទម្លាក់គ្រាប់បែក «ដ៏គួរឱ្យភ្ញាក់ផ្អើល និងគួរឱ្យស្ញប់ស្ញែង»។
ឥឡូវនេះ សហរដ្ឋអាមេរិកកំពុងប្រមូលផ្តុំកងកម្លាំងនៅក្នុងតំបន់ ខណៈលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងថ្លឹងថ្លែងការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ បន្ទាប់ពីការបង្ក្រាបដ៏បង្ហូរឈាមរបស់ទីក្រុងតេអេរ៉ង់ លើបាតុកម្មប្រឆាំងនឹងរបបនេះ កាលពីខែមករា កន្លងទៅ។ សហរដ្ឋអាមេរិក កំពុងចរចាជាមួយអ៊ីរ៉ង់ លើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ប៉ុន្តែមន្ត្រីអាមេរិក បានលើកឡើងថា កិច្ចចរចានេះរហូតមកដល់ពេលនេះ មិនទទួលបានផ្លែផ្កាអ្វីទេ។
របាយការណ៍និយាយថា សហរដ្ឋអាមេរិក បានបញ្ជូនយន្តហោះរាប់សិបគ្រឿងទៅកាន់តំបន់មជ្ឈិមបូព៌ា ក៏ដូចជានាវាផ្ទុកយន្តហោះជាច្រើនគ្រឿងផងដែរ។ យន្តហោះចម្បាំងរួមមាន យន្តហោះ F-16 យន្តហោះ F-22 និង F-35។ របាយការណ៍នេះចង្អុលបង្ហាញថា កម្លាំងយោធាដ៏ច្រើនលើសលប់របស់អាមេរិក អនុញ្ញាតឱ្យមានយុទ្ធនាការដ៏វែង ដែលយូរជាងការវាយប្រហាររបស់អាមេរិកលើរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ក្នុងអំឡុងសង្គ្រាមអ៊ីស្រាអែល-អ៊ីរ៉ង់ កាលពីខែមិថុនា ឆ្នាំមុន ដែលត្រូវបានអនុវត្តជាមួយយន្តហោះទម្លាក់គ្រាប់បែក B-2 និងយន្តហោះមួយចំនួនទៀតប៉ុណ្ណោះ៕

