លោក Jasper Jeffers មេបញ្ជាការនៃកងកម្លាំងរក្សាស្ថេរភាពអន្តរជាតិ (ISF) ដែលទើបបង្កើតថ្មី ក្រោមកិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្កាហ្សា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងរក្សាស្ថេរភាពអន្តរជាតិ(ISF) នឹងមានទាហានចំនួន២០.០០០នាក់ធ្វើការជាមួយមន្ត្រីនគរបាលប៉ាឡេស្ទីនចំនួន ១២.០០០នាក់នៅក្នុងតំបន់ហ្កាហ្សា។ លោក Jeffers បាននិយាយនៅក្នុងកិច្ចប្រជុំបើកក្រុមប្រឹក្សាសន្តិភាពដែលស្នើឡើងដោយសហរដ្ឋអាមេរិកថា ការបណ្តុះបណ្តាលកងកម្លាំងរក្សាស្ថេរភាពអន្តរជាតិ (ISF) និងកម្លាំងនគរបាលប៉ាឡេស្ទីននឹងធ្វើឡើងនៅប្រទេសអេហ្ស៊ីប និងប្រទេសហ្ស៊កដានី។

ឧត្តមសេនីយ៍អាមេរិករូបនេះបាននិយាយថា រដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ី ម៉ារ៉ុក កាហ្សាក់ស្ថាន និងអាល់បានី ព្រមទាំងអាជ្ញាធរប្រទេសកូសូវ៉ូ បានបញ្ជូនកងទ័ពទៅកាន់កងកម្លាំងរក្សាស្ថេរភាពអន្តរជាតិ (ISF) ដែលត្រូវបានគេសន្មត់ថានឹងដាក់ពង្រាយទៅកាន់តំបន់ហ្កាហ្សា ប៉ុន្តែលោកពុំបានផ្តល់ព័ត៌មានលម្អិតអំពីចំនួនកងទ័ពដែលបានសន្យាដោយកងកម្លាំងនីមួយៗ ឬពេលវេលាដាក់ពង្រាយនោះទេ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយនៅក្នុងកិច្ចប្រជុំថា ប្រទេសចំនួន៩ មាន កាហ្សាក់ស្ថាន អាស៊ែបៃហ្សង់ អារ៉ាប់រួម ម៉ារ៉ុក បារ៉ែន កាតា អារ៉ាប៊ីសាអ៊ូឌីត អ៊ូសបេគីស្ថាន និងគុយវ៉ែត បានសន្យាផ្តល់ជំនួយសរុប៧ពាន់លានដុល្លារអាមេរិកសម្រាប់ជំនួយសង្គ្រោះនៅតំបន់ហ្កាហ្សា ដែលនៅខ្វះច្រើនពីចំនួន ៧០ ពាន់លានដុល្លារដែលត្រូវបានប៉ាន់ស្មានសម្រាប់ការកសាងតំបន់នេះឡើងវិញ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និយាយថា «នឹងគ្មានការសាងសង់តំបន់ហ្កាហ្សាឡើងវិញនោះទេ បើក្រុមហាម៉ាសមិនរំសាយអាវុធជាមុន»។
