ក្រុមអ្នកការទូតអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ បានសម្តែងការព្រួយបារម្ភចំពោះការសម្រេចចិត្តរបស់អាជ្ញាធរអ៊ីស្រាអែល ក្នុងការបិទមជ្ឈមណ្ឌលសហគមន៍ Burj Al-Luqluq នៅក្នុងទីក្រុងហ្ស៊េរុយសាឡឹមខាងកើតដែលមានកំពែងព័ទ្ធជុំវិញ។

សេចក្តីថ្លែងការណ៍មួយ បានលើកឡើងថា៖ «អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ មជ្ឈមណ្ឌលនេះបានផ្តល់កម្មវិធីអប់រំ វប្បធម៌ និងកីឡាសំខាន់ៗ ជាពិសេសសម្រាប់កុមារ និងយុវជន។ ការសម្រេចចិត្តនេះ ប្រឈមនឹងការធ្វើឲ្យប៉ះពាល់ដល់ការងារដែលមិនអាចខ្វះបានរបស់អង្គការសង្គមស៊ីវិលប៉ាឡេស្ទីនឯករាជ្យ នៅក្នុងទីក្រុងហ្ស៊េរុយសាឡឹមខាងកើត»។
ស្ថានទូតអឺរ៉ុបនៅទីក្រុងហ្ស៊េរុយសាឡឹម និងរ៉ាម៉ាឡា បានជំរុញឲ្យអាជ្ញាធរអ៊ីស្រាអែលការពារលំហស៊ីវិល ធានាការទទួលបានសេវាកម្មសំខាន់ៗ នៅក្នុងក្រុងហ្ស៊េរុយសាឡឹមខាងកើត និងអនុញ្ញាតឲ្យមជ្ឈមណ្ឌលសហគមន៍ Burj Al-Luqluq នេះ បន្តសកម្មភាពឡើងវិញ ដោយមិនពន្យារពេលយូរ។
យោងតាមទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន ស្ថានទូតដែលធ្វើការអំពាវនាវនេះ គឺមកពីប្រទេសបែល ហ្ស៊ិក ដាណឺម៉ាក ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ អៀរឡង់ អ៊ីតាលី លីទុយអានី ហូឡង់ ន័រវែស ប៉ូឡូញ ព័រទុយហ្គាល់ ស្លូវេនី អេស្ប៉ាញ ស៊ុយអែត ស្វ៊ីស និងចក្រភពអង់គ្លេស៕
