បណ្ដាប្រមុខទីភ្នាក់ងារចារកម្មធំៗរបស់អឺរ៉ុប មានភាពទុទិដ្ឋិនិយមអំពីឱកាសនៃការសម្រេចបានកិច្ចព្រមព្រៀងមួយនៅឆ្នាំ២០២៦នេះ ដើម្បីបញ្ចប់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន បើទោះបីជាលោកប្រធានាធិបតីអាមេរិក Donald Trump បានអះអាងថា កិច្ចចរចាដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក បាននាំមកនូវចក្ខុវិស័យនៃកិច្ចព្រមព្រៀងមួយ «កាន់តែកៀកហើយ» ក៏ដោយ។
ប្រធានទីភ្នាក់ងារចារកម្មអឺរ៉ុបចំនួន ៥រូប ដែលបានផ្ដល់បទសម្ភាសន៍ឱ្យទីភ្នាក់ងារព័ត៌មានរ៉យទ័រ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះដោយមិនបញ្ចេញឈ្មោះ បាននិយាយថា រុស្ស៊ីមិនចង់បញ្ចប់សង្គ្រាមឱ្យឆាប់រហ័សនោះទេ។ ប្រមុខចារកម្ម ៤រូបក្នុងចំណោមនោះ បាននិយាយថា ទីក្រុងមូស្គូ កំពុងប្រើប្រាស់កិច្ចចរចាជាមួយសហរដ្ឋអាមេរិក ដើម្បីជំរុញឱ្យមានការបន្ធូរបន្ថយទណ្ឌកម្ម និងកិច្ចព្រមព្រៀងអាជីវកម្មប៉ុណ្ណោះ។
ប្រធានចារកម្មអឺរ៉ុបមួយរូបបាននិយាយថា កិច្ចចរចាសន្តិភាពទាំងនេះ ដែលជាជុំចុងក្រោយបំផុតត្រូវបានធ្វើឡើងនៅទីក្រុងហ្សឺណែវក្នុងសប្តាហ៍នេះ គឺជា «ឆាកល្ខោនចរចា» តែប៉ុណ្ណោះ។ ការលើកឡើងទាំងនេះបានចង្អុលបង្ហាញពីគម្លាតដ៏ធំមួយនៅក្នុងការគិតរវាងរដ្ឋធានីអឺរ៉ុប និងសេតវិមាន ខណៈដែលអ៊ុយក្រែននិយាយថា អាមេរិកចង់សម្រេចបានកិច្ចព្រមព្រៀងសន្តិភាពនៅខែមិថុនា មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សភាអាមេរិក នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦នេះ។

លោក Trump បាននិយាយជាច្រើនដងថា លោកជឿជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ចង់ធ្វើកិច្ចព្រមព្រៀងមួយ។ លោក Putin ផ្ទាល់ក៏បាននិយាយថា លោកត្រៀមខ្លួនរួចជាស្រេចសម្រាប់សន្តិភាព ប៉ុន្តែត្រូវអនុវត្តតាមលក្ខខណ្ឌរបស់លោក។ ក្រុមមន្ត្រីរុស្ស៊ីនិយាយថា រដ្ឋាភិបាលអឺរ៉ុបបានវាយតម្លៃខុស ម្តងហើយម្តងទៀត អំពីរុស្ស៊ី៕

