បាល់ទាត់៖ ខ្សែប្រយុទ្ធស៊ុតបញ្ចូលទីច្រើនជាងគេឲ្យស៊ុយអែត Zlatan Ibrahimovic ត្រូវបានកោះហៅត្រលប់ឲ្យមកជួយក្រុមជំរើសជាតិវិញ ៥ឆ្នាំបន្ទាប់ពីចូលនិវត្តន៍។ បុរសវ័យ ៣៩ឆ្នាំរូបនេះធ្លាប់ស៊ុតបញ្ចូលទីបាន ៦២គ្រាប់ក្នុងការបង្ហាញខ្លួន ១១២ប្រកួតឲ្យក្រុមជំរើសជាតិស៊ុយអែត មុនពេលចូលនិវត្តន៍ក្រោយធ្លាប់ត្រឹមវគ្គចែកពូលនៅ Euro ២០១៦។

ការសំរេចចិត្តកោះហៅ Zlatan មកវិញនេះ ស្របពេលស៊ុយអែតត្រៀមខ្លួនប្រកួតវគ្គជំរុះ World Cup ២០២២។ អ្នកចាត់ការក្រុមជំរើសជាតិស៊ុយអែត Janne Andersson បានបើកចំហរក្នុងការវិលត្រលប់មកវិញរបស់ Zlatan Ibrahimovic បន្ទាប់ពីមានការជជែកគ្នានៅទីក្រុង Milan ប្រទេសអ៊ីតាលី ខណៈអ្នកទាំង២ ក៏មានទំនាក់ទំនងល្អនឹងគ្នាដែរ ហើយកីឡាករវ័យ ៣៩ឆ្នាំរូបនេះក៏ធ្លាប់និយាយដែរថា នឹងអាចវិលមកក្រុមជំរើសជាតិស៊ុយអែតវិញនៅថ្ងៃណាមួយ។
ស៊ុយអែតនឹងត្រូវជួបជាមួយហ្សកហ្ស៊ី និងកូសូវ៉ូក្នុងវគ្គជំរុះ World Cup ចុងខែមីនានេះ ខណៈស៊ុយអែតស្ថិតក្នុងពូល E ក្នុងការប្រកួត Euro ២០២០ ដែលលើកមក ២០២១ នេះជាមួយអេស្ប៉ាញ ប៉ូឡូញ និងស្លូវ៉ាគី។ វ័យចំណាស់ពិតមែន Zlatan Ibrahimovic នៅតែបន្តការស៊ុតបញ្ចូលទីឥតឈប់ឈរដោយរកបាន ១៤គ្រាប់ក្នុងការបង្ហាញខ្លួន ១៤លើកឲ្យ AC Milan ១៤លើករដូវកាលនេះ៕
អត្ថបទ៖នាង សុភាវុធ