ប្រណាំងរថយន្ត៖ ក្រុមប្រណាំង F1 Ferrari ចាប់ផ្តើមរដូវកាលថ្មីរបស់ខ្លួនដ៏អស្ចារ្យ ជាមួយនឹងជ័យជំនះនៅទីលានដំបូងប្រទេសបារ៉ែនដោយកីឡាករទាំង ២នាក់របស់ខ្លួនបានលេខ ១ និងលេខ ២។ កីឡាករម៉ូណាកូ Charles Leclerc បានបង្ហាញសមត្ថភាពរបស់ខ្លួន យកឈ្នះពីការប្រជែងខ្លាំងពីអ្នកការពារតំណែងជើងឯក Max Verstappen របស់ Red Bull។

ចាប់ផ្តើមនៅមុខគេ Charles Leclerc ចេញដំណើរបានល្អ តែក៏មានការប្រជែងខ្លាំងរបស់ Verstappen នៅជុំទី១៧ ដោយកីឡាករហូឡង់បានវ៉ាបានសំរេចបីលើក តែក៏ត្រូវ Charles Leclerc យកតំណែងបានវិញទាំងបីលើកភ្លាមៗវិញដែរ និងរក្សាការនាំមុខរបស់ខ្លួនដល់ទីបញ្ចប់។ មិត្តរួមក្រុម Ferrari កីឡាករអេស្ប៉ាញ Carlos Sainz ទទួលបានចំណាត់ថ្នាក់លេខ ២ ក្រោយវ៉ាផុត Verstappen ដែលក្រោយមកមានបញ្ហាគ្រឿងម៉ាស៊ីនដើរចេញពីការប្រកួត។ មិត្តរួមក្រុមរបស់ Red Bull កីឡាករម៉ិកស៊ិក Sergio Perez ក៏មិនអាចបញ្ចប់ទីបានដែរ ក្រោយរអិលចង្កូតនៅផ្លូវបត់ទីមួយជុំចុងក្រោយពីការប្រជែងរបស់ Lewis Hamilton ដែលយកបានតំណែងលេខ ៣។
សូមបញ្ជាក់ថា នេះជាជ័យជំនះទី ៣ ក្នុងអាជីពរបស់ Charles Leclerc បន្ទាប់ពី ២លើកដំបូងឈ្នះនៅប៊ែលហ្ស៊ិក និងអ៊ីតាលីកាលពីឆ្នាំ២០១៩ ដែលជារដូវកាលដំបូងផ្លាស់ពី Sauber មកកាន់ Ferrari។ បន្ទាប់ពីបារ៉ែន F1 នឹងបន្តដំណើរទៅទីលានទី២ ចុងសប្តាហ៍នេះនៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអ៊ូឌីត៕
អត្ថបទ៖នាង សុភាវុធ